អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសដែលកំពុងរត់គេចខ្លួន ប្តេជ្ញាថានឹងត្រឡប់ចូលប្រទេសវិញ ក្នុងឆ្នាំនេះ
ញូវដេលី៖ អតីតមេដឹកនាំបង់ក្លាដែសដែលកំពុងរត់គេចខ្លួន លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានប្រកាសប្តេជ្ញាថានឹងត្រឡប់ទៅកាន់ប្រទេសកំណើតរបស់លោកស្រីវិញ «ក្នុងឆ្នាំនេះ» បើទោះបីជាលោកស្រីទើបតែត្រូវបានតុលាការកាត់ទោសប្រហារជីវិតកំបាំងមុខ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កាលពីប៉ុន្មានខែមុនក៏ដោយ។
លោកស្រី ហាស៊ីណា អាយុ ៧៨ឆ្នាំ
បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងឥណ្ឌា កាលពីខែសីហា ឆ្នាំ២០២៤
បន្ទាប់ពីមានការបះបោរដឹកនាំដោយនិស្សិត ដែលបានបញ្ចប់ការគ្រប់គ្រងបែបផ្តាច់ការរយៈពេល
១៥ឆ្នាំរបស់លោកស្រី។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឥណ្ឌា NDTV
លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រីមិនខ្លាចសេចក្តីស្លាប់នោះទេ
ហើយបានចាត់ទុកសាលក្រមកាត់ទោសលោកស្រីថាជា «ដំណើរការខុសច្បាប់
ផ្ទុយពីរដ្ឋធម្មនុញ្ញ និងមានចេតនានយោបាយ»។
អតីតមេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា «មានការរៀបចំផែនការទុច្ចរិតជាច្រើនប្រឆាំងនឹងខ្ញុំ។ ប៉ុន្តែ...
ខ្ញុំត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីរហូតដល់ ៥ដង
ហើយខ្ញុំបានបម្រើប្រទេសជាតិឱ្យមានការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមក។
ខ្ញុំចង់ប្រាប់ឱ្យច្បាស់ថា ទោះមានឧបសគ្គបែបណាក៏ដោយ ខ្ញុំនឹងត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញនៅក្នុងឆ្នាំនេះ»។
សូមជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំមុន
តុលាការទីក្រុងដាកា (Dhaka) បានផ្តន្ទាទោសប្រហារជីវិតលោកស្រី
ដោយចោទប្រកាន់ពីបទញុះញង់ បញ្ជាឱ្យសម្លាប់ និងការអសកម្មក្នុងការទប់ស្កាត់អំពើឃោរឃៅ
ខណៈសកម្មភាពរបស់គណបក្ស Awami League របស់លោកស្រី
ក៏ត្រូវបានហាមឃាត់ផងដែរ។ បច្ចុប្បន្ន ទំនាក់ទំនងរវាងឥណ្ឌា និងបង់ក្លាដែស
មានភាពប្រសើរឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មី លោក តារីក រ៉ាម៉ាន់ (Tarique
Rahman) ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីកាលពីខែកុម្ភៈ
ប៉ុន្តែភាពតានតឹងនៅតែបន្តមាន ដោយសារបង់ក្លាដែសតែងតែទាមទារឱ្យឥណ្ឌាបញ្ជូនខ្លួនលោកស្រី
ហាស៊ីណា ត្រឡប់មកវិញដើម្បីកាត់ទោស៕ (CNA)

Post a Comment