គណៈកម្មការអន្តរក្រសួង ចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាព១០០% លើគម្រោងជួសជុលផ្លូវ និងសាងសង់លូ ក្នុងស្រុកពេជ្រាដា
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ គណៈកម្មការអន្តរក្រសួង
រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម
ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោក កឹង ឈាន
អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី រួមទាំងសហការី
បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០%
លើគម្រោងជួសជុលថែទាំផ្លូវជាលក្ខណៈខួប និងសាងសង់សំណង់សិល្បការ្យ
ស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ។
លោក កឹង ឈាន
អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា
បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
បានខិតខំអនុវត្តការងារនេះយ៉ាងយកចិត្តទុកដាក់
ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក
និងការដឹកជញ្ជូនកសិផលផ្សេងៗមកកាន់ទីផ្សារ។ បន្ថែមពីនេះ គម្រោងនេះ
បានជួយសម្រួលដល់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសាលារៀន
សម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា
ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗនារដូវវស្សា ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការផ្តល់សេវាកម្មនានា
ដូចជា វិស័យអប់រំ សុខាភិបាល និងអនាម័យនៅក្នុងមូលដ្ឋាន។
គណៈប្រតិភូអន្តរក្រសួង
រួមទាំងវិស្វករជាមន្ត្រីត្រួតពិនិត្យបច្ចេកទេស បានធ្វើការប្រជុំបូកសរុប
និងវាយតម្លៃលើលទ្ធផលការងារថែទាំខួបផ្លូវក្រាលល្បាយគ្រួសចំនួន ១ខ្សែ ប្រវែង (១០,៥០០ម៉ែត្រ) ទទឹង ៦ម៉ែត្រ និងកម្រាស់ ២០សង់ទីម៉ែត្រ។
គម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់លូមូលមុខពីរ (មុខកាត់ ១ម៉ែត្រ ប្រវែង ៨ម៉ែត្រ)
ចំនួន ២កន្លែង និងលូមូលមុខមួយ (មុខកាត់ ១ម៉ែត្រ ប្រវែង ៨ម៉ែត្រ) ចំនួន ២កន្លែង
ស្ថិតក្នុងឃុំពូជ្រៃ និងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (គម្រោងលេខ DRR-PM-2025-No.027)។ ជាលទ្ធផល
គណៈកម្មការបានឯកភាពទទួលយកលទ្ធផលនៃការអនុវត្តការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី
ដោយវាយតម្លៃបញ្ចប់សុពលភាពការងារ ១០០% ព្រោះសំណង់ផ្លូវ
និងលូទាំងអស់នៅរក្សាបានគុណភាពល្អរឹងមាំ និងមានសោភ័ណភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
នាឱកាសនោះដែរ ឯកឧត្តម ជី ស៊ីថា
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈប្រតិភូអន្តរក្រសួង
បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្ត
ត្រូវសហការណែនាំ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាការពារផ្លូវ និងលូខាងលើនេះឱ្យបានល្អប្រសើរ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ត្រូវមានការចូលរួមពិនិត្យ និងយាមកាមយ៉ាងហ្មត់ចត់
ដើម្បីរក្សាគុណភាពសំណង់ឱ្យបានគង់វង្សយូរអង្វែង ដោយត្រូវចាត់ទុកថាផ្លូវ
និងលូទាំងនេះ
ជារបស់រួមដែលបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប នៅក្នុងមូលដ្ឋាន៕

Post a Comment