អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ
ខេត្តព្រះវិហារ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញ និងណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតមាតិកាផ្សព្វផ្សាយដែលទាក់ទងទៅនឹងប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹង និងថែរក្សាតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។
ការណែនាំនេះ
បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយលោក អំ តារាវិទូ
អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ
បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងសម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ
ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា
ឆ្នាំ២០២៦។
ក្នុងឱកាសនោះ
អ្នកនាំពាក្យក្រសួងព័ត៌មាន
បានលើកទឹកចិត្តដល់មន្ត្រីជំនាញឱ្យច្នៃប្រឌិតផលិតមាតិកាខ្លីៗដែលទាក់ទាញ អំពីសម្រស់
និងប្រវត្តិសាស្ត្រនៃបេតិកភណ្ឌខ្មែរដោយធ្វើការសម្ភាសន៍ឬសាកសួអ្នកជំនាញឱ្យពន្យល់បញ្ជក់ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនជាតិ
និងអន្តរជាតិ តាមគ្រប់បណ្តាញផ្សព្វផ្សាយ។
លោកបានលើកឡើងថា
ការផ្សព្វផ្សាយវប្បធម៌ជាតិបានយ៉ាងទូលំទូលាយ
នឹងជួយជំរុញកំណើនទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។ ទន្ទឹមនឹងនេះ ការចែករំលែកអត្ថបទ
និងវីដេអូតាមបណ្តាញសង្គម ក៏ជាឱកាសមាសសម្រាប់យុវជនកម្ពុជាក្នុងការសិក្សាស្វែងយល់
និងរួមចំណែកអភិរក្សសម្បត្តិវប្បធម៌ជាតិឱ្យកាន់តែទូលាយ។
ជាមួយគ្នានេះ
លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តព្រះវិហារ
ឱ្យបង្កើនការផលិតមាតិកាផ្សព្វផ្សាយអំពីប្រាសាទព្រះវិហារ អំពីប្រាសាទព្រះវិហារ
និងតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រផ្សេងៗឱ្យបានច្រើនបន្ថែមទៀត។
លោកបានសង្កត់ធ្ងន់ថា
ដោយសារប្រាសាទនេះជាមរតកដូនតាខ្មែរ
ហើយកម្ពុជាធ្លាប់ទទួលបានជោគជ័យតាមផ្លូវច្បាប់ជាបន្តបន្ទាប់ក្នុងការការពារអធិបតេយ្យភាពលើប្រាសាទនេះ
ទោះបីជាមានភាគីជិតខាងនៅតែមានមហិច្ឆតាឈ្លានពានក្តី ការផលិតមាតិកាព័ត៌មាន
និងឯកសារពាក់ព័ន្ធដើម្បីពង្រឹងការយល់ដឹងដល់សាធារណមតិ
គឺជាកិច្ចការអាទិភាពដែលមន្ទីរព័ត៌មានត្រូវយកចិត្តទុកដាក់ខ្ពស់។
លោកស្រី ហែម
សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ
បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន
ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក
និងផ្តល់តម្លៃខ្ពស់ក្នុងការអញ្ជើញមកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ
និងតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ។
លោកស្រីប្រធានមន្ទីរ
បានចាត់ទុកថា កិច្ចប្រជុំតម្រង់ទិសនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់
ក្នុងការជួយបង្កើនសមត្ថភាពដល់មន្ត្រីជំនាញ
ដើម្បីឱ្យមានមូលដ្ឋានកាន់តែរឹងមាំក្នុងការផលិតមាតិកាព័ត៌មានចំគោលដៅព័ត៌មាននិងសាធារណមតិឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាន
ក៏ដូចជាអ្នកទស្សនា ជាពិសេសគឺដើម្បីរួមចំណែកលើកកម្ពស់វិស័យវប្បធម៌
និងទេសចរណ៍នៅក្នុងខេត្តឱ្យកាន់តែទូលំទូលាយថែមទៀត៕





Post a Comment