ជនអន្តោប្រវេសន៍ជាង ១,៣០០នាក់ បានស្លាប់នៅពេលព្យាយាមធ្វើដំណើរទៅដល់ឆ្នេរសមុទ្រអេស្ប៉ាញ
ដាកា៖ អង្គការក្រៅរដ្ឋាភិបាលមួយបានឱ្យដឹងនៅថ្ងៃពុធនេះថា ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៦ នេះ ជនអន្តោប្រវេសន៍ជាង ១,៣០០នាក់ បានបាត់បង់ជីវិត នៅពេលព្យាយាមធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ ។
របាយការណ៍ដែលចេញផ្សាយដោយអង្គការ Caminando
Fronteras បានបញ្ជាក់ថា ជនអន្តោប្រវេសន៍ចំនួន ១,៣១៧នាក់ ក្នុងនោះមានស្រ្តី ១៤២នាក់ និងកុមារ ១២៩នាក់
បានស្លាប់ក្នុងអំឡុងពេលធ្វើដំណើរដ៏គ្រោះថ្នាក់កាត់តាមមហាសមុទ្រអាត្លង់ទិក
និងសមុទ្រមេឌីទែរ៉ាណេខាងលិច ដោយមានទូកចំនួន ២៧គ្រឿង
បានបាត់ខ្លួននៅកណ្តាលសមុទ្រជាមួយនឹងអ្នកដំណើរទាំងអស់។
របាយការណ៍នេះចេញផ្សាយស្របពេលដែល សម្តេចប៉ាប
លីអូ (Pope
Leo) គ្រោងនឹងយាងបំពេញទស្សនកិច្ចនៅប្រជុំកោះកាណារីរបស់អេស្ប៉ាញ ដែលជាតំបន់ប្រឈមនឹងកំណើនជនចំណាកស្រុកខុសច្បាប់យ៉ាងគំហុកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
សូមជម្រាបថា កាលពីឆ្នាំ២០២៥ កន្លងទៅ
ជនអន្តោប្រវេសន៍ចំនួន ៣,០៩០នាក់ បានស្លាប់
និងបាត់ខ្លួននៅក្នុងបរិបទស្រដៀងគ្នានេះ។ បច្ចុប្បន្ន ក្រៅពីការជិះទូក
ជនចំណាកស្រុកមួយចំនួនក៏បានព្យាយាមហែលទឹកឆ្លងសមុទ្រចម្ងាយប្រមាណ ២០គីឡូម៉ែត្រ
ពីប្រទេសម៉ារ៉ុក ឆ្ពោះទៅកាន់ប្រទេសអេស្ប៉ាញផងដែរ៕ (Reuters)

Post a Comment