បិទផ្សាយទិន្នន័យជាសាធារណៈឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំព្រៃឃ្មុំ និងឃុំថ្មី ស្រុកទឹកឈូ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក
ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ
វិស័យរដ្ឋបាលដីធ្លីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកំពត
បានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ជូនដល់បងប្អូនប្រជាពលរដ្ឋមកពីភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ និងភូមិវត្តពោធិ៍ ឃុំថ្មី
ស្រុកទឹកឈូ ខេត្តកំពត។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ខៀវ
រិទ្ធី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី
តំណាងដ៏ខ្ពង់ខ្ពស់ លោក ព្រាប សុផាត ប្រធានមន្ទីរ និងដោយមានការអញ្ជើញចូលរួមពី លោក
មូល សុធា អភិបាលរងស្រុក តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកទឹកឈូ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់
លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក,
កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ
ព្រមទាំងបងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដីយ៉ាងច្រើនកុះករប្រមាណ ៤០០ នាក់ ដែលពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាឃុំព្រៃឃ្មុំ។
ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ
មានរយៈពេល ១៥ ថ្ងៃ (គិតចាប់ពីថ្ងៃប្រកាសនេះតទៅ)
ដើម្បីទុកឱកាសជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ
ស្ថានភាពគ្រួសារ និងទំហំក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។
ក្នុងករណីមានការខុសឆ្គង ឬមានទំនាស់តវ៉ាណាមួយ បងប្អូនអាចដាក់ពាក្យស្នើសុំកែតម្រូវ
ឬតវ៉ាទៅតាមនីតិវិធី មុននឹងមន្ទីរជំនាញធ្វើការវិនិច្ឆ័យចេញប័ណ្ណកម្មសិទ្ធិ
(ប្លង់រឹង) ស្របច្បាប់ជូនជាស្ថាពរ។
ជាថ្មីម្ដងទៀត
សូមបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីនៅក្នុងភូមិ-ឃុំខាងលើ
មេត្តារួសរាន់អញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដីធ្លីរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា
ដើម្បីការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់លើដីធ្លីរបស់បងប្អូន៕












Post a Comment