មន្ត្រីជំនាញនិងអាជ្ញាធរក្រុងបូកគោអះអាងថា មិនមានការនាំចូលទំនិញថៃតាមកំពង់ផែក្នុងខេត្តកំពតទេ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ មន្ត្រីជំនាញ និងអាជ្ញាធរក្រុងបូកគោ ខេត្តកំពត បានអះអាងថា មិនមានការនាំចូលទំនិញខុសច្បាប់ ឬទំនិញពីប្រទេសថៃដែលស្ថិតក្នុងបម្រាមរបស់រាជរដ្ឋាភិបាល តាមកំពង់ផែនានាក្នុងភូមិសាស្ត្រខេត្តកំពតនោះទេ ខណៈអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តត្រួតពិនិត្យ និងតាមដានយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើសពាណិជ្ជកម្មគ្រប់ប្រភេទ។

លោក ឃី សុខឃឿន ប្រធានមន្ទីរអធិការកិច្ចខេត្ត បានប្រាប់ឲ្យដឹងក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពនៃការនាំចូលទំនិញនៅកំពង់ផែអន្តរជាតិកំពត និងកំពង់ផែគ្រីស្តាល់រ៉ាយ (Crystal Rice) ស្ថិតក្នុងសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោនៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះថា  តាមការត្រួតពិនិត្យជាក់ស្តែង មិនមានការនាំចូលទំនិញខុសច្បាប់ ឬទំនិញថៃដែលស្ថិតក្រោមការហាមឃាត់របស់រាជរដ្ឋាភិបាល តាមកំពង់ផែនានាក្នុងខេត្តកំពតនោះទេ។ លោកបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានសហការយ៉ាងជិតស្និទ្ធក្នុងការតាមដាន និងត្រួតពិនិត្យសកម្មភាពនាំចូលទំនិញ ដើម្បីធានាការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោក ឡេន ឌឿន អភិបាលរងក្រុងបូកគោ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ឯកឧត្តមអភិបាលខេត្តកំពត ដោយតែងតែចុះត្រួតពិនិត្យតាមកំពង់ផែនានាជាប្រចាំ។

លោកបានអះអាងថា រាល់កំពង់ផែដែលស្ថិតក្នុងភូមិសាស្ត្រក្រុងបូកគោ ពុំមានការនាំចូលទំនិញខុសច្បាប់ ឬទំនិញថៃដែលស្ថិតក្នុងបម្រាមរបស់រាជរដ្ឋាភិបាលនោះទេ ខណៈសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីរក្សាសណ្តាប់ធ្នាប់ពាណិជ្ជកម្ម និងការពារផលប្រយោជន៍សាធារណៈ។

តាមរបាយការណ៍ចុះត្រួតពិនិត្យបានបញ្ជាក់ថា ក្នុងកំពង់ផែអន្តរជាតិកំពត ស្ថិតភូមិគីឡូ១២ សង្កាត់កោះតូច មានសាឡង់ត៌ចំនួន៨គ្រឿង មាននាវឹកចំនួនជនជាតិថៃ១៥នាក់ ស្រី៣នាក់ដឹកវត្ថុធាត់ដើមពីប្រទេសថៃរួមមាន៖ ១-ម្នាងសិលា, ២-ថ្មអែនីត្រាយ, ៣-ស៊ីនីតិចជីបសាំ សម្រាប់យកមកផ្គត់ផ្គង់សង្វាក់ផលិតកម្មរោងចក្រស៊ីម៉ងត៍ទាំងបួនក្នុងខេត្តកំពត តាមការបញ្ជាទិញពីរោងចក្រចំពោះវត្ថុធាតុដើមម្យ៉ាងទៀតស៊ឹងស្លែតនាំចូលពីប្រទេសអូស្ត្រាលី វត្ថុធាតុដើមទាំងអស់នេះមិនស្ថិតក្នុងបញ្ជីហាមឃាត់នៃបញ្ជីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាឡើយ។ ចំពោះកំពង់ផែគ្រីស្តាល់រ៉ាយ (កំពង់ផែកែវម៉ាលី) បានពិនិត្យឃើញមានសាឡង់វៀតណាមចំនួន ៦គ្រឿងមាននាវិកជន១៥នាក់ស្រី៣នាក់ខ្មែរ៣នាក់កំពុងត្រៀមដឹកដំឡូងមីស្ងួតទៅដាក់កប៉ាល់នាំចេញទៅប្រទេសចិន និងមិនមានទំនិញនាំចូលពីប្រទេសថៃនោះទេ៕








 

Powered by Blogger.