គីម ជុងអ៊ុន៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាជម្រើសដ៏ត្រឹមត្រូវ
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចេញផ្សាយដោយដកស្រង់សម្តី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃប្រទេសរបស់លោកគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន។
ក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃអង្គារ
ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន
ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំមួយរបស់គណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េ
ដែលបានផ្ដើមធ្វើឡើងកាលពីថ្ងៃសៅរ៍ និងបិទបញ្ចប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ លោក គីម
បានបន្ទោសសហរដ្ឋអាមេរិកថាអ្នកដែលធ្វើឱ្យការបង្ហូរឈាមនៅក្នុងតំបន់អឺរ៉ុប
និងមជ្ឈិមបូព៌ាកាន់តែអាក្រក់ឡើង។
លោកក៏បានចោទប្រកាន់សហរដ្ឋអាមេរិក
និងកូរ៉េខាងត្បូងថាកំពុងធ្វើឱ្យស្ថានការណ៍សន្តិសុខនៅលើតំបន់ឧបទ្វីបកូរ៉េ
កាន់តែមានគ្រោះថ្នាក់ផងដែរ
តាមរយៈការធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សនូវគោលជំហរនុយក្លេអ៊ែររួមគ្នារវាងប្រទេសទាំង២
ដែលលោកយល់ថាមានគោលដៅវាយប្រហារលើកូរ៉េខាងជើង។ ដូច្នេះហើយ លោក គីម
យល់ថាការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
និងការអនុវត្តឋានៈជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរគឺជាជម្រើសដ៏ត្រឹមត្រូវ
និងជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ
និងមិនអាចព្យាករបាន។
តាម KCNA លោក គីម ជុងអ៊ុន
ក៏បានចេញបញ្ជាផងដែរឱ្យយោធារបស់លោកពង្រឹងសមត្ថភាពនៃអាវុធមិនមែននុយក្លេអ៊ែរ
និងពន្លឿនការសាងសង់នាវាចម្បាំងប្រដាប់ដោយមីស៊ីល ទម្ងន់១០ ០០០តោន៕

Post a Comment