វៀតណាម គាំទ្រដំណោះស្រាយព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី
ឧត្តមសេនីយ៍ទោ វូ ហុងសឺន ក៏បានរំលឹកពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដែលបានប្រកៀកស្មាគ្នាតស៊ូក្នុងអតីតកាល។ ឧត្តមសេនីយ៍ បញ្ជាក់ថា ការជួយគ្នាទៅវិញទៅមក និងការរក្សាចំណងសាមគ្គីភាពរវាងប្រទេសទាំង៣ វៀតណាម កម្ពុជា និងឡាវ គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ និងសន្តិភាពក្នុងតំបន់។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងទ័ពការពារអាកាសនៃប្រទេសទាំងពីរ ឧត្តមសេនីយ៍ទោ វូ ហុងសឺន បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងស៊ីជម្រៅដែលមានជាយូរមកហើយ ដោយបានលើកឡើងថា នាយទាហានកម្ពុជា មួយចំនួនត្រូវបានទទួលការបណ្តុះបណ្តាលនៅវៀតណាម ដែលជាកត្តាសំខាន់ ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស និងរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរ។
ចំណែកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពកម្ពុជា-វៀតណាម ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់។ លោកបានបង្ហាញជំនឿជាក់ថា ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ នឹងទទួលបានលទ្ធផលជោគជ័យ និងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានផ្តល់ការគាំទ្រ និងជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងអាកាស។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានចាត់បញ្ជូន នាយទាហានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានស្នើវៀតណាមបន្តគាំទ្រ បេសកកម្មរបស់ក្រុម អ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃឱ្យបានយូរអង្វែង៕




Post a Comment