សម្តេចតេជោ៖ ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហោះនៅលើបញ្ហាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ដែលមានខ្លឹមសារទាំងស្រុងថា÷
អាចមានការបកស្រាយខុស ឬយល់តែធ្វើមិនយល់ ឬជាការបំពាន ឬជាអំពើពុករលួយ ឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា។
ដើម្បីបានជាពន្លឺ និងឈប់ល្ងង់តទៅទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។
សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវអាកាសពិសេសទំនិញ គឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថា ខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រ និងផ្លូវអាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។
ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ និងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ ក្រោយព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែន ក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។
អ្នកប្រើប្រាស់ គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួន ទាំងជាតិសាសន៍៕


Post a Comment