កម្ពុជា ផ្ញើកំណត់ទូតជាថ្មីម្ដងទៀត ស្នើឱ្យភាគីថៃចាត់ បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្ត ការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្រោយគណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស របស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារ លើដីជាក់ស្តែង ប៉ុន្តែភាគីថៃឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលដូចជា ៖ បំពេញនីតិវិធីផ្ទៃក្នុង , រង់ចាំការបោះឆ្នោតថ្នាក់ជាតិ , រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី , រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃ លើការតែងតាំងប្រធាននិងសមាសភាពថ្មី នៃគណៈកម្មការ JBC ភាគីថៃ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ប៉ុន្តែរហូតមកដល់ពេលនេះ បើទោះបីជានាយករដ្ឋមន្ត្រីថៃថ្មី ត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើងនិងបានដំណើរការកិច្ចប្រជុំជាច្រើន លើកមកហើយក៏ដោយ ក៏រដ្ឋាភិបាលថៃ នៅតែពុំទាន់តែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC របស់ខ្លួនជាផ្លូវការនៅឡើយ ។
សេចក្តីប្រកាសបញ្ជាក់ថា ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាន និងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារ នៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្មារតី នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរ ក្នុងការបន្តចុះវាស់វែង និង ខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាត ឱ្យប្រជាពលរដ្ឋវិល ត្រឡប់ទៅផ្ទះ សម្បែង របស់ពួកគាត់វិញ ក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំងប្រកប ដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែលើដីជាក់ស្តែង ភាគីថៃបាននិង កំពុងបន្តកាន់ កាប់ទឹកដីកម្ពុជា និងធ្វើសកម្មភាពដោយខុសច្បាប់ ក្នុងគោលបំណងបង្កើត ស្ថានភាពថ្មីលើដីជាក់ស្តែង បើទោះបីជាភាគីកម្ពុជា បានតវ៉ាជាច្រើនលើកតាមផ្លូវការទូត យ៉ាងណាក៏ដោយ ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គូសបញ្ជាក់ថា ផ្អែកតាមនីតិវិធី និងបែបបទការងារ ដែលបានឯកភាពគ្នានាពេលកន្លងមក និងស្របតាមខ្លឹមសារ នៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (IST)ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងការងារដែលនៅសេសល់ ព្រមទាំងសហការរៀបចំកិច្ចប្រជុំ កម្រិតបច្ចេកទេស ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ជាថ្មីថា គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការ ទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ របស់យោធាថៃ និងសកម្មភាពបន្តរំលោភបំពាន លើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ព្រមទាំងការបង្កើតស្ថានភាពថ្មី នៅលើដីជាក់ស្តែង ៕




Post a Comment