ត្រាំ ទទួលស្គាល់ថាកិច្ចចរចាជាមួយអ៊ីរ៉ង់ នឹងធ្វើឡើងក្នុងប្រទេសកាតា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងប្រទេសកាតា បើទោះជាទីក្រុងតេហេរ៉ង់ បដិសេធថាមិនមានកិច្ចចរចាដោយផ្ទាល់ណាមួយត្រូវបានគ្រោងទុកជាមួយទីក្រុងវ៉ាស៊ីនតោនស្ដីពីកិច្ចព្រមព្រៀងសំដៅបិទបញ្ចប់សង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ។
ការប្រកាសរបស់លោក
ត្រាំ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានរៀបចំកិច្ចចរចាជាលើកដំបូងរបស់ខ្លួនជាមួយអូម៉ង់
ពាក់ព័ន្ធនឹងការចាត់ចែងគ្រប់គ្រងលើច្រកសមុទ្រ Hormuz ចាប់តាំងពីកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានចុះហត្ថលេខា
ហើយខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ព្រមព្រៀងបញ្ឈប់ការវាយប្រហារដាក់គ្នា
កាលពីប៉ុន្មានថ្ងៃនេះដែលបង្កឱ្យមានការព្រួយបារម្ភពីហានិភ័យនៃការដួលរលំកិច្ចព្រមព្រៀងរវាងប្រទេសទាំង២។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម
Truth
Social កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ត្រាំ
បានគូសបញ្ជាក់ដូច្នេះថា «អ៊ីរ៉ង់បានស្នើសុំឱ្យមាន កិច្ចប្រជុំ។ ដូច្នេះវានឹងត្រូវធ្វើឡើងនៅថ្ងៃស្អែក
(ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ក្នុងទីក្រុងដូហា (ប្រទេសកាតា)»។ លោក ត្រាំមិនបានបញ្ជាក់អ្វីលម្អិតទៀតនោះទេពី
អ្នកដែលនឹងត្រូវចូលរួមកិច្ចប្រជុំនេះ។
ប៉ុន្តែខាងអ្នកនាំពាក្យសេតវិមាន
លោកស្រី Karoline
Leavitt បានប្រាប់ទូរទស្សន៍ Fox News ថាបេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក
ត្រាំ គឺលោក Jared
Kushner នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហាដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ក្នុងសប្ដាហ៍នេះ។
ចំណែក អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei កាលពីថ្ងៃចន្ទក៏បានឱ្យដឹងដែរថាគណៈប្រតិភូអ៊ីរ៉ង់នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា
តែបានបដិសេធថាមិនមានគម្រោង អង្គុយចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ៕

Post a Comment