កិច្ចព្រមព្រៀងបឋមអាមេរិក-អ៊ីរ៉ង់ចូលជាធរមានភ្លាមៗ ក្រោយភាគីទាំង២ចុះហត្ថលេខា
អ៊ីស្លាម៉ាបាដ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសថាអនុស្សរណយោគយល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអ៊ីរ៉ង់បានចូលជាធរមានហើយ បន្ទាប់ពីភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះតាមប្រព័ន្ធអេឡិចត្រូនិកកាលពីថ្ងៃពុធម្សិលមិញ។
តាមលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
មានន័យថាទីក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ
ហើយសហរដ្ឋអាមេរិកក៏នឹងត្រូវដកការបិទខ្ទប់លើកំពង់ផែអ៊ីរ៉ង់ភ្លាមៗផងដែរ។
លោក Shehbaz Sharif បានឱ្យដឹងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «អនុស្សរណយោគយល់
ឬកិច្ចព្រមព្រៀងបឋមនឹងត្រូវចូលជាធរមានភ្លាមៗ ហើយជាការបោះជំហានបឋម សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងត្រូវបើកច្រកសមុទ្រ
Hormuz ឡើងវិញភ្លាមៗ
ហើយសហរដ្ឋអមេរិកនឹងដកការបិទខ្ទប់លើកំពង់ផែអ៊ីរ៉ង់ភ្លាមៗ»។
បើតាមក្រុមមន្ត្រីអាមេរិក និងអ៊ីរ៉ង់
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud
Pezeshkian បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ខាងលើតាមប្រព័ន្ធអេឡិចត្រនិកកាលពីថ្ងៃពុធ។
នៅក្រោមកិច្ចព្រមព្រៀងបឋមនេះដែលមាន១៤ចំណុច
នឹងពន្យារបទឈប់បាញ់ដែលត្រូវបានប្រកាសកាលពីខែមេសា រយៈពេល៦០ថ្ងៃបន្ថែម
ក្នុងនោះរាប់បញ្ចូលទាំងសង្រ្គាមនៅលីបង់
ដើម្បីទុកពេលឱ្យភាគីទាំង២ចរចាលើកិច្ចព្រមព្រៀងចុងក្រោយ។ ប៉ុន្តែលោក ដូណាល់ ត្រាំ
ក៏បានព្រមានដែរថានឹងទម្លាក់គ្រាប់បែកឡើងវិញ ប្រសិនបើអ៊ីរ៉ង់បំពានលើកិច្ចព្រមព្រៀង៕ (AFP)

Post a Comment