ហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវស្វែងរកភាពរីកចម្រើនក្នុងកិច្ចចរចាសន្តិភាពឱ្យបានមុនរដូវរងា
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ថារូបលោកចង់បានភាពរីកចម្រើន ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី ឱ្យបានមុនរដូវរងាចូលមកដល់ ដើម្បីពង្រឹងគោលជំហរយុទ្ធសាស្ត្ររបស់ទីក្រុងកៀវឱ្យមានភាពល្អប្រសើរ។
កិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិកលើការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពបានជាប់គាំង
ដោយសារតែទីក្រុងវ៉ាស៊ីនតោនកំពុងផ្តោតលើសង្រ្គាមអ៊ីរ៉ង់។ លោក ហ្សេលេនស្គី
និងក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាភាពរីកចម្រើននៅលើសមរភូមិរបស់កងកម្លាំងរុស្ស៉ីត្រូវបានពន្យឺត
ខណៈអ៊ុយក្រែនបង្កើនការវាយប្រហាររយៈចម្ងាយមធ្យម
និងចម្ងាយឆ្ងាយចូលជ្រៅក្នុងទឹកដីរុស្ស៉ី
ជាមួយការផ្តោតជាសំខាន់លើឧស្សាហកម្មប្រេងរុស្ស៉ី។
ក្នុងបទសម្ភាសន៍មួយកម្មវិធី Face
the Nation របស់ទូរទស្សន៍អាមេរិក CBS លោក
ហ្សេលេនស្គីបានលើកឡើងថា «ចាប់ផ្ដើមកាលពីខែធ្នូ
ឆ្នាំ២០២៥ រុស្ស៉ីបានចាប់ផ្ដើមបាត់បង់ការមានប្រៀបនៅលើសមរភូមិ។ ដូច្នេះ...
នៅមុនរដូវរងាចូលមកដល់ យើងចាំបាច់ត្រូវស្វែងរកមធ្យោបាយមួយ
នោះគឺមធ្យោបាយតាមផ្លូវការទូតដើម្បីអាចអង្គុយចុះ និងធ្វើការចរចា»។ លោកបន្ថែមថា «ភាពរីកចម្រើនគឺអាស្រ័យលើការដាក់សម្ពាធលើប្រធានាធិបតីរុស្ស៉ី
លោក វ្ល៉ាឌីមៀ ពូទីន ជាពិសេសគឺសម្ពាធក្នុងសង្គមរបស់លោក
ហើយខ្ញុំគិតថាការបង្កើនសម្ពាធតាមរយៈការដាក់ទណ្ឌកម្មគួរតែបង្កើន
មិនមែនបន្ធូរបន្ថយនោះទេ»។
តាមលោក ហ្សេលេនស្គី
វាអាចមានលទ្ធភាពនៃកិច្ចចរចារៀបចំឡើងដោយការជួយពីអឺរ៉ុប ឬកិច្ចចរចាទ្វេភាគីជាមួយរុស្ស៉ី
ប៉ុន្តែលោកនៅតែទទូចឱ្យមានការដាក់ទណ្ឌកម្មឱ្យបានខ្លាំងក្លាលើរុស្ស៉ី។
ក្នុងកិច្ចសម្ភាសន៍ខាងលើ លោក
ហ្សេលេនស្គីក៏បានសង្កត់ធ្ងន់ដែរថាដោយសារតែអវត្តមាននៃកម្មវិធីប្រព័ន្ធខែលប្រឆាំងមីស៊ីលអឺរ៉ុប
អ៊ុយក្រែននៅតែត្រូវការជាចាំបាច់ការគាំទ្រពីសហរដ្ឋអាមេរិក
ក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារ ដែនអាកាស៕

Post a Comment