«ពន្លកបៃតងភ្នំកំពង់ត្រាច» ៖ រដ្ឋបាលស្រុកកំពង់ត្រាច ដាំកូនឈើចំនួន ១,០០០ដើម ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់ទេសចរណ៍
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធី «ពន្លកបៃតងភ្នំកំពង់ត្រាច» ដែលបានរៀបចំឱ្យមានការដាំកូនឈើចម្រុះចំនួន ១,០០០ដើម
នៅអមសងខាងផ្លូវភ្នំកំពង់ត្រាច។
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកថែរក្សាបរិស្ថាន
និងលើកកម្ពស់សោភ័ណភាពនៅតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយនេះឱ្យកាន់តែមានភាពស្រស់បំព្រង
ដែលមានការចូលរួមពីដៃគូសហការ និងការឧបត្ថម្ភគាំទ្រក្រុមហ៊ុន ប៉េង ហួត គ្រុប មន្ទីរបរិស្ថានខេត្តកំពត រដ្ឋបាលស្រុកកំពង់ត្រាច និងអង្គការ
IUCN កម្ពុជា។
ពិធីដាំកូនឈើនេះក៏មានការនិមន្តចូលរួមពីព្រះសង្ឃ មន្ត្រីជាន់ខ្ពស់ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ រួមមាន៖ លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប តំណាងអង្គការ IUCN កម្ពុជា ថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស តំណាងរោងចក្រផលិតស្បែកជើង ពូ ចិន ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ថ្លែងក្នុងពិធីនេះដែរ
លោក អូន ខន
អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានលើកឡើងថា តាមរយៈសកម្មភាព
«ពន្លកបៃតង»
នេះ បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព
និងការប្តេជ្ញាចិត្តរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ ឯកជន និងសហគមន៍
ក្នុងការចូលរួមការពារធនធានធម្មជាតិ និងបង្កើតតំបន់ពណ៌បៃតង
ដើម្បីជាប្រយោជន៍ដល់សហគមន៍ ក៏ដូចជាការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕











Post a Comment