ព្រឹទ្ធសភា និងរដ្ឋសភាអាមេរិករួមគ្នាបោះឆ្នោតអនុម័តលើដំណោះស្រាយដើម្បីបញ្ឈប់សង្រ្គាមអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់ ដែលនេះបានបង្ហាញពីការកើនឡើងនៃការព្រួយបារម្ភនៅក្នុងចំណោមក្រុមអ្នកតំណាងរាស្ត្រសាធារណរដ្ឋចំពោះសង្រ្គាមរបស់លោកជាមួយអ៊ីរ៉ង់។
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ
៥០ ទល់ ៤៨សំឡេងជំទាស់ ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ War Powers
Resolution ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ
ឬរដ្ឋសភាអាមេរិកកាលពីដើមខែមិថុនានេះ។
ការបោះឆ្នោតអនុម័តនេះបានឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភនៅក្នុងចំណោមសមាជិកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋរបស់លោក
ត្រាំ ចំពោះសង្រ្គាមមិនមានប្រជាប្រិយភាពដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
នេះក៏ជាលើកដំបូងផងដែរដែលសភាទាំង២របស់សហរដ្ឋអាមេរិក
ឬ Congress
បានអនុម័តដំណោះស្រាយមួយដែលបញ្ជាឱ្យប្រធានាធិបតីអាមេរិកម្នាក់ដកកងកម្លាំងប្រដាប់អាវុធអាមេរិកចេញពីជម្លោះចាប់តាំងពីច្បាប់
War
Powers Resolution ឬ War Powers Act ត្រូវបានប្រកាសដាក់ឱ្យប្រើក្នុងឆ្នាំ១៩៧៣មក។
ការអនុម័តដំណោះស្រាយខាងលើមានមួយផ្នែកធំត្រូវបានគេមើលឃើញថាជានិមិត្តរូបប៉ុណ្ណោះ។
ប៉ុន្តែការបោះឆ្នោតនេះជាបរាជ័យមួយសម្រាប់លោក ត្រាំ
ដែលកន្លងមកធ្លាប់តែទទួលបានការគាំទ្រស្ទើរឯកច្ឆន្ទពីក្រុមអ្នកតំណាងរាស្ត្របក្សសាធារណរដ្ឋក្នុងសភាអាមេរិក។
ការបោះឆ្នោតនេះក៏កើតឡើងដែរចំពេលរដ្ឋបាលលោក ត្រាំ
ត្រូវបានរំពឹងថានឹងស្នើសុំសភាឱ្យទម្លាក់កញ្ចប់ថវិការាប់ពាន់លានដុល្លារសម្រាប់ការចំណាយលើសង្រ្គាម។
សូមជម្រាបថា
គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ កំពុងគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា
ក្នុងសំឡេងភាគច្រើនតិចតួច។
ប៉ុន្តែមួយរយៈមកនេះមានអ្នកតំណាងរាស្ត្រសាធារណរដ្ឋបានផ្ដាច់ខ្លួនចេញពីលោក ត្រាំ
លើបញ្ហាមួយចំនួននៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ ដែលនឹងកំណត់ថាតើគណបក្សសាធារណរដ្ឋនឹងបន្តគ្រប់គ្រងសភាទាំង២របស់
សហរដ្ឋអាមេរិកតទៅទៀតឬក៏យ៉ាងណា។ ការស្ទង់មតិមួយធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងស្ថាប័ន Ipsos
បានឱ្យដឹងថាមានប្រជាជនតែម្នាក់ប៉ុណ្ណោះក្នុងចំណោម
ប្រជាជនអាមេរិក ៤នាក់ ជឿថាសង្រ្គាមជាមួយអ៊ីរ៉ង់សមនឹងតម្លៃត្រូវធ្វើ
ហើយភាគច្រើនបារម្ភថាបទឈប់បាញ់ជាមួយតេហេរ៉ង់ទំនងជាមិនមានភាពយូរអង្វែងទេ៕

Post a Comment