ការខ្វះខាតប្រេងឥន្ធនៈរាលដាលពាសពេញប្រទេសរុស្ស៊ី ដោយសារការវាយប្រហាររបស់អ៊ុយក្រែន
ម៉ូស្គូ៖ ការវាយប្រហារពីសំណាក់ប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ (Crimea) ទៅកាន់តំបន់ភាគខាងត្បូងប្រទេសរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ ដែលពីមុនមិនធ្លាប់រងផលប៉ះពាល់ឡើយ។
បច្ចុប្បន្ន
អ្នកបើកបរស្ទើរតែទូទាំងប្រទេសរុស្ស៊ី
ត្រូវបានដាក់កំហិតលើបរិមាណប្រេងដែលពួកគេអាចទិញបាន
ជាពិសេសការរឹតបន្តឹងយ៉ាងខ្លាំងនៅក្នុងតំបន់កាន់កាប់នៅអ៊ុយក្រែន ភាគខាងត្បូងរុស្ស៊ី
និងតំបន់ស៊ីបេរី (Siberia)។ មានតែទីក្រុងមូស្គូ
និងតំបន់ដាច់ស្រយាលមួយចំនួនប៉ុណ្ណោះដែលមិនមានការរឹតបន្តឹងជាផ្លូវការ
ប៉ុន្តែទោះជាយ៉ាងណា ស្ថានីយប្រេងឥន្ធនៈជាច្រើនក្នុងរដ្ឋធានីត្រូវបានបិទទ្វារ
ខណៈកន្លែងខ្លះមានមនុស្សតម្រង់ជួររង់ចាំយ៉ាងវែង។
ប្រធានាធិបតីរុស្ស៊ី
លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់កាលពីថ្ងៃអាទិត្យថា
ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន
ពិតជាបានបង្កឱ្យមានការខ្វះខាតប្រេងនៅតំបន់មួយចំនួនមែន
ប៉ុន្តែលោកអះអាងថារដ្ឋាភិបាលកំពុងដោះស្រាយបញ្ហានេះ។
នៅតំបន់គ្រីមៀ
ដែលរុស្ស៊ីបានកាត់យកកាលពីឆ្នាំ២០១៤
អ៊ុយក្រែនបានបង្កើនការវាយប្រហារលើខ្សែចង្វាក់ផ្គត់ផ្គង់
ដើម្បីកាត់ផ្តាច់កម្លាំងយោធារុស្ស៊ី។
អាជ្ញាធរនៅទីនោះបានផ្អាកការលក់ប្រេងដល់រថយន្តឯកជន
និងកាត់បន្ថយម៉ោងប្រតិបត្តិការសេវាសាធារណៈ។
ការខ្វះខាតនេះក៏បានរាលដាលដល់ទីក្រុង
Rostov-on-Don
នៅភាគខាងត្បូងរុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែនផងដែរ
ដោយស្ថានីយប្រេងជាច្រើនបានបិទស្លាកសញ្ញា «គ្មានប្រេងលក់» ដែលធ្វើឱ្យប្រជាពលរដ្ឋដូចជាអ្នកដឹកជញ្ជូនទំនិញតាមម៉ូតូ
ត្រូវបង្ខំចិត្តឈប់ធ្វើការងារដោយសារគ្មានសាំងចាក់។ ចំណែកឯនៅទីក្រុងមូស្គូ
បន្ទាប់ពីរោងចក្រចម្រាញ់ប្រេងមួយកន្លែងត្រូវបានអ៊ុយក្រែនបាញ់កម្ទេចកាលពីសប្តាហ៍មុន
តម្លៃប្រេងនៅស្ថានីយឯកជនមួយចំនួនបានកើនឡើងជាង ១០ភាគរយ
ទោះបីជាស្ថានីយរបស់រដ្ឋព្យាយាមរក្សាតម្លៃឱ្យនៅដដែលក៏ដោយ៕ (Reuters)

Post a Comment