៥ខែ ពាណិជ្ជកម្មកម្ពុជា-ថៃ មានទំហំជាង១.១ពាន់លានដុល្លារ ធ្លាក់ចុះជិត៤០% ខណៈការនាំចូលពីថៃធ្លាក់ចុះជាង៤០%
ភ្នំពេញ៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានទំហំជាង ១.១ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៨.៧%។ តែយ៉ាងណា ថៃនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី ៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងជប៉ុន។
តាមទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា
ដល់ខែឧសភា ឆ្នាំ ២០២៦ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-ថៃ មានទឹកប្រាក់សរុបជាង
១.១ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៨.៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥
ដែលមានតម្លៃជាង ១.៨ ពាន់លានដុល្លារ។ ក្នុងនោះ ថៃនាំចូលទំនិញមកកម្ពុជាមានតម្លៃ ៨៥៤
លានដុល្លារ ថយចុះ ៤២.៤% ស្របពេលកម្ពុជានាំចេញទៅថៃវិញមានតម្លៃជាង ២៩៦ លានដុល្លារ
ថយចុះ ២៥%។
ប្រភពឱ្យដឹងថា នាពេលកន្លងមកការនាំចូលពីថៃ ភាគច្រើនជាប្រភេទទំនិញ សម្ភារ
និងវត្ថុធាតុដើមដែលប្រើប្រាស់ចាំបាច់សម្រាប់បម្រើដល់ឧស្សាហកម្ម និងផលិតកម្ម ដូចជា
គ្រឿងបង្គុំ គ្រឿងបន្លាស់ គ្រឿងដំឡើង គ្រឿងសម្រាប់ជួសជុល
និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្ម ដែលត្រូវបាននាំចូលតាមផ្លូវទឹក
បន្ទាប់ពីប្រទេសទាំងពីរបានបិទព្រំដែនគោក។ ចំណែកការនាំចូលមុខទំនិញមួយចំនួន ដូចជា
ភេសជ្ជៈ អាហារកែច្នៃមួយចំនួន ប្រេងឥន្ធនៈ បន្លែ និងផ្លែឈើ
មិនត្រូវបាននាំចូលទៀតឡើយ៕



Post a Comment