អ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមផ្អាកការវាយប្រហារដាក់គ្នាជាបណ្តោះអាសន្ន តាមការអំពាវនាវរបស់ ត្រាំ

ហ្ស៊េរុយសាឡឹម៖ ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល បានប្រកាសផ្អាកការវាយប្រហារដាក់គ្នាទៅវិញទៅមក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់។ ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់ ព្រមានថានឹងវាយបកវិញ ប្រសិនបើអ៊ីស្រាអែលនៅតែបន្តវាយប្រហារក្រុមហេសបូឡានៅលីបង់។

ការប៉ះទង្គិចគ្នាដ៏ក្ដៅគគុកក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ គឺជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់បំផុតរវាងគូសត្រូវទាំងពីរ ចាប់តាំងពីបទឈប់បាញ់កាលពីខែមេសា ដែលវាបានគំរាមកំហែងដល់កិច្ចចរចាសន្តិភាពរបស់អាមេរិក។ ទោះបីជាតម្លៃប្រេងបានហក់ឡើងដល់ ៥ភាគរយភ្លាមៗក្រោយការវាយប្រហារក្តី ប៉ុន្តែវាបានធ្លាក់ចុះមកវិញ បន្ទាប់ពីយោធាអ៊ីរ៉ង់ប្រកាសបញ្ចប់ការវាយប្រហាររលកទីមួយរបស់ខ្លួន ខណៈប្រភពពីអ៊ីស្រាអែលក៏បញ្ជាក់ថា ខ្លួនបានសម្រេចផ្អាកការវាយប្រហារវិញដូចគ្នា។

គួរបញ្ជាក់ថា ការវាយប្រហារទៅវិញទៅមកនេះ បានចាប់ផ្ដើមបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើទីក្រុងហៃហ្វា (Haifa) របស់អ៊ីស្រាអែល ដើម្បីសងសឹកនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហេសបូឡានៅជាយរដ្ឋធានីបេរូត។ ជាការឆ្លើយតប អ៊ីស្រាអែលក៏បានវាយប្រហារកម្ទេចរោងចក្រគីមីឥន្ធនៈមួយនៅភាគនិរតីអ៊ីរ៉ង់ ដែលខ្លួនអះអាងថាជាទីតាំងផលិតមីស៊ីលផ្លោងផងដែរ៕ (Reuters)



 

Powered by Blogger.