ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ជាង ១០0គ្រួសារក្នុងស្រុកដងទង់ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ-ខ្យល់កន្ត្រាក់ចំនួន ១០២គ្រួសារ នៅក្នុងស្រុកដងទង់ ខេត្តកំពត។នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយក្តីនឹករឭកបំផុត។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានបន្តថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការតិចអំបិល តិចស្ករ តិចខ្លាញ់ និងហាត់ប្រាណជាប្រចាំ ដើម្បីការពារខ្លួនពីជំងឺឆ្លង និងជំងឺមិនឆ្លង ដែលកំពុងរីករាលដាលក្នុងពេលនេះទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង សូមបងប្អូនប្រុងប្រយ័ត្ននៅពេលមេឃភ្លៀងកុំឱ្យក្មេងតូចៗចេញពីផ្ទះ លុបបំបាត់ថ្លុកជ្រាំ ត្រូវដេកក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដាំដើមឈើដើម្បីការពារបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក ។ ក្នុងឱកាសនោះដែរក្រុមការងារ ក៏បានធ្វការអប់រំផ្សព្វផ្សាយស្តីពីការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា ភាពធន់នឹងអាកាសធាតុ។
អំណោយដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ១០២គ្រួសារនាពេលនោះរួមមាន៖ គ្រួសាររងគ្រោះស្រាល និងមធ្យមចំនួន ៩០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ និងថវិកា៥ម៉ឺនរៀល។ ចំណែកឯគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ១២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, កៅស៊ូតង់ ១ដុំ និងថវិកា ២០ម៉ឺនរៀល។
ក្រោយជួបសំណេះសំណាល និងផ្តល់អំណោយរួចមកឯកឧត្តមប្រធានគណៈកម្មាធិការសាខា ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការទាំងអស់បានបន្តដំណើរចុះសួរសុខគ្រួសាររងគ្រោះធ្ងន់ដល់លំនៅឋានចំនួន ៣គ្រួសារ ដែលក្នុងនោះឯកឧត្តក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់ជូនដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរទាំង ៣គ្រួសារសម្រាប់ជួសជុលផ្ទះឡើងវិញ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ១លាន ២សែនរៀលផងដែរ៕










Post a Comment