ប្រមុខ WHO ព្រមានថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺអេបូឡា កំពុងដើរលឿនជាងកិច្ចប្រឹងប្រែងទប់ស្កាត់
ហ្សឺណែវ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទនេះ បានថ្លែងថា ការផ្ទុះឡើង និងរីករាល ដាលយ៉ាងឆាប់រហ័សនៃជំងឺ អេបូឡា (Ebola) នៅក្នុងប្រទេសកុងហ្គោ (DR Congo) និងអ៊ូហ្គង់ដា (Uganda) កំពុងមានសន្ទុះលឿនជាងកិច្ចខិតខំប្រឹងប្រែងឆ្លើយតប និងទប់ស្កាត់ ខណៈដែលតួលេខចុងក្រោយនៃអ្នកសង្ស័យស្លាប់បានកើនដល់ ២២០នាក់។
ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់សហភាពអាហ្វ្រិក
(African
Union) លោក ថេដ្រូស (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ថា ភាពយឺតយ៉ាវក្នុងការរកឃើញករណីឆ្លងទាន់ពេលវេលា
បានធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះត្រូវធ្វើការងារ «ដេញតាមពីក្រោយ»
ស្ថានការណ៍ ហើយជំងឺរាតត្បាតនេះអាចនឹងប្រែក្លាយទៅជាអាក្រក់ជាងនេះ
មុនពេលអាចគ្រប់គ្រងបាន។ លោកបានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសកុងហ្គោ
ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ នៅថ្ងៃអង្គារ រួមជាមួយមន្ត្រីជាន់ខ្ពស់ WHO
ទទួលបន្ទុកគ្រោះអាសន្នសុខភាពមួយរូបទៀត។
កាលពីព្រឹកថ្ងៃចន្ទ ប្រទេសជិតខាងអ៊ូហ្គង់ដា
បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺអេបូឡាចំនួន ២ករណីបន្ថែមទៀត
ដែលធ្វើឱ្យតួលេខអ្នកឆ្លងបញ្ជាក់ជាផ្លូវការកើនដល់ ៧ករណី។ លោក ថេដ្រូស បានព្រមានថា
បណ្តាប្រទេសដែលមានព្រំដែនជាប់នឹងកុងហ្គោ កំពុងស្ថិតក្នុងហានិភ័យខ្ពស់
ហើយត្រូវតែចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
សូមជម្រាបថា WHO បានប្រកាសចាត់ទុកការផ្ទុះឡើងនូវវីរុសអេបូឡាប្រភេទកម្រ
Bundibugyo នេះ
ថាជាគ្រោះអាសន្នសុខភាពសាធារណៈដែលគួរឱ្យព្រួយបារម្ភជាអន្តរជាតិ។
កិច្ចប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនេះ កំពុងជួបការលំបាកយ៉ាងខ្លាំង
ដោយសារតែបញ្ហាអសន្តិសុខនៅក្នុងខេត្ត Ituri និង North
Kivu របស់កុងហ្គោ
ព្រមទាំងការដែលពិភពលោកនៅមិនទាន់មានវ៉ាក់សាំងផ្លូវការណាមួយ
សម្រាប់ប្រឆាំងនឹងវីរុសប្រភេទនេះនៅឡើយទេ៕

Post a Comment