សម្តេចបវរធិបតី ៖ ខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកបញ្ជាក់ថា សម្តេចមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។
ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពី
សម្តេចបានបង្ហោះសារមួយ ពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក
West
Point កាលពី ២៧ឆ្នាំមុន ហើយមានបុគ្គលមួយចំនួនបានសរសេរបញ្ចេញមតិថា
សម្តេចបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។
ជុំវិញបញ្ហានេះ សម្តេចបានឆ្លើយតបដូចតទៅ៖
«ម្សិលមិញខ្ញុំបានបង្ហោះសារមួយពាក់ព័ន្ធនឹងការបញ្ចប់ការសិក្សារបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក
West Point កាលពី ២៧ឆ្នាំមុន (២៩ ឧសភា ១៩៩៩)។
មានប្រជាពលរដ្ឋថៃមួយចំនួនបានចូលមកសរសេរបញ្ចេញមតិថា
ខ្ញុំបានទៅរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point តាមរយៈកូតារបស់កងទ័ពថៃ។ មានការបញ្ចេញមតិបែបនេះ ជាច្រើនលើករួចមកហើយ
ដែលខ្ញុំមិនដែលឆ្លើយតប
ដោយសារមិនចង់យកបញ្ហានេះមកបកស្រាយនាំអោយវែងឆ្ងាយដោយមិនចាំបាច់។ ពេលនេះ
ខ្ញុំសូមបញ្ជាក់បន្តិចដើម្បីបបញ្ចប់ការយល់ខុសនេះតទៅទៀត។ ជាចម្លើយខ្លី
គឺខ្ញុំមិនបានទៅរៀននៅសាលា West Point ដោយប្រើកូតារបស់កងទ័ពថៃនោះទេ។
ហេតុផលគឺសាមញ្ញបំផុត៖
១. សហរដ្ឋអាមេរិកជាប្រទេសមហាអំណាច
និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ទៅប្រទេសណាក៏បាន
ដោយមិនចាំបាច់យកកូតាពីប្រទេសមួយ(ថៃ) ទៅអោយបេក្ខជនពីប្រទេសផ្សេងមួយទៀត(កម្ពុជា)ទេ។
២. ប្រទេសដែលទទួលបានកូតា
សម្រាប់បញ្ជូនសិក្ខាកាមទៅ West Point មិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនទៅឲ្យប្រទេសផ្សេងទេ។
សហរដ្ឋអាមេរិកជាអ្នកកំណត់ប្រទេសណាត្រូវទទួលបាន ហើយត្រូវទទួលបានចំនួនប៉ុន្មានកន្លែង
សម្រាប់ឆ្នាំនីមួយៗ។
៣. សញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក
West
Point គឺបញ្ជាក់ច្បាស់ថា ជានិស្សិតយោធាពីកម្ពុជា
មិនមែនពីប្រទេសណាផ្សេងទេ។
៤. លក្ខខណ្ឌតម្រូវចាំបាច់សម្រាប់បេក្ខជននិស្សិតនាយទាហានបរទេសទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក
West
Point គឺត្រូវទទួលបានការធានា (nomination) ពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួន
និងការគាំទ្រ (endorsement) ពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសនោះ។
បើសិនជាខ្ញុំប្រើប្រាស់កូតារបស់យោធាថៃដើម្បីទៅរៀននោះ
ប្រាកដជាខ្ញុំត្រូវបានទទួលការធានាពីក្រសួងការពារជាតិថៃ
និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃហើយ។
សម្រាប់រូបខ្ញុំ គឺនៅឆ្នាំ១៩៩៥
បានទទួលការធានាពីក្រសួងការពារជាតិកម្ពុជា
និងការគាំទ្រពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា
(មិនមែនបានពីស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃទេ)។
ដូច្នេះបញ្ជាក់ច្បាស់ថាកូតាដែលខ្ញុំបានទៅរៀននៅ West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកឲ្យកម្ពុជាមិនមែនឲ្យទៅថៃដូចការលើកឡើងនោះទេ។
បើអ្នកណាចង់បញ្ជាក់ថាតើវាជាការពិតឬមិនពិតនោះ
គឺងាយស្រួលបំផុត ដោយអ្នកអាចសុំការបញ្ជាក់ពីក្រសួងការពារជាតិថៃ
ឬស្ថានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅថៃ ថាធ្លាប់បានធ្វើការធានា
ឬផ្តល់ការគាំទ្រដល់បេក្ខជនពីកម្ពុជា ដើម្បីទៅរៀនជំនួសបេក្ខជនថៃនៅសាលា West
Point ឬទេ? អ្នកក៏អាចស្វែងរកការបញ្ជាក់ផ្ទាល់ពីសាលាបណ្ឌិតសភាយោធាអាមេរិក
West Point តែម្ដងក៏បានលើករណីនេះ។ ខ្ញុំជឿជាក់ថាច្បាស់ថា
គឺគ្មានករណីនេះទេ។
៥. ខ្ញុំសង្ឃឹមថាការបញ្ជាក់នេះ
នឹងបញ្ចប់នូវការយល់ខុសថាខ្ញុំបានទៅរៀនសាលា West Point ដោយប្រើប្រាស់កូតារបស់កងទ័ពថៃ
ដែលមិនមែនជាការពិត»៕



Post a Comment