សំណើអាមេរិកដែលចង់ឱ្យ UN ថ្កោលទោសអ៊ីរ៉ង់ អាចនឹងរងការរារាំងដោយសិទ្ធិវេតូពីចិននិងរុស្ស៊ី
ញូវយ៉ក៖ សំណើរបស់សហរដ្ឋអាមេរិកនៅអង្គការសហប្រជាជាតិ (UN) ដែលទាមទារឱ្យថ្កោលទោស និងទប់ស្កាត់ការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូស អាចនឹងត្រូវរារាំងដោយការប្រើសិទ្ធិវេតូ (Veto) ពីសំណាក់ប្រទេសចិន និងរុស្ស៊ី។
សេចក្តីព្រាងនេះត្រូវបានផ្តួចផ្តើមដោយអាមេរិក
និងបារ៉ែន ព្រមទាំងទទួលបានការគាំទ្រពីប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រជាច្រើនទៀត។
ប្រេសិតអាមេរិកប្រចាំ អង្គការសហប្រជាជាតិ លោក ម៉ៃ វ៉ាល់ត៍ (Mike
Waltz) បានសង្កត់ធ្ងន់ថា ការជំទាស់នឹងសំណើនេះ
គឺជាការបង្ហាញពីចេតនាមិនចង់បានសន្តិភាព។ ជាការឆ្លើយតប ប្រេសិតអ៊ីរ៉ង់បានរិះគន់ថា
សំណើនេះមានចេតនានយោបាយលម្អៀង
ហើយអាមេរិកក៏គ្មានសិទ្ធិតាំងខ្លួនជាអ្នកការពារសេរីភាពនាវាចរណ៍នោះដែរ
ខណៈដែលខ្លួនកំពុងបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។
ប្រភពការទូតបានបង្ហើបថា ចិននិងរុស្ស៊ីមិនពេញចិត្តនឹងសេចក្តីព្រាងនេះឡើយ
ដោយរុស្ស៊ីទាមទារឱ្យសរសេរវាឡើងវិញទាំងស្រុង។ ការជំទាស់នេះ
ក៏ដោយសារតែសេចក្តីព្រាងមានយោងលើ «ជំពូកទី៧» នៃធម្មនុញ្ញ UN ដែលអាចបើកផ្លូវដល់ការដាក់ទណ្ឌកម្ម
និងការប្រើកម្លាំងយោធា។
ប្រសិនបើចិនពិតជាប្រើសិទ្ធិវេតូមែន
វានឹងធ្វើឱ្យបរិយាកាសការទូតមានភាពតានតឹង មុនដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ
ទៅកាន់ទីក្រុងប៉េកាំងនៅសប្តាហ៍ក្រោយ។ ការប្រទាំងប្រទើសគ្នានៅក្រុមប្រឹក្សាសន្តិសុខ
UN
នេះ កើតឡើងស្របពេលដែលមានសេចក្តីរាយការណ៍ថា វ៉ាស៊ីនតោន និងតេអេរ៉ង់
កំពុងបោះជំហានឈានទៅរកកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ
ដើម្បីផ្អាកសង្គ្រាមរវាងប្រទេសទាំងពីរ៕ (Reuters)

Post a Comment