កម្ពុជា-UN រួមគ្នាសម្រេចបាននូវលទ្ធផលក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផ្តល់ឱកាសការងារដល់ជនមានពិការភាព និងអតីតពលករមកពីថៃ
បាត់ដំបង៖ បន្ទាប់ពីធ្វើទស្សនកិច្ចកម្មវិធីទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធាននៃគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) បានដឹកនាំគណៈប្រតិភូបន្តធ្វើដំណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងសិប្បកម្ម តាកាឌា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់ពីការភ្ជាប់រវាងកិច្ចគាំពារសង្គម តាមរយៈមូលនិធិជាតិជំនួយសង្គម កម្មវិធីពិការភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និងកម្មវិធី TVET ១,៥ លាននាក់។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈនៃការអនុវត្តកម្មវិធី
ជាពិសេសជួយឱ្យពួកគាត់ទទួលបានការងារសមរម្យ និងប្រាក់ចំណូលច្រើនជាងមុន
បន្ថែមទៅលើការទទួលបានចំណេះដឹង និងវិញ្ញាបនបត្របច្ចេកទេសបញ្ជាក់សមត្ថភាព។
លទ្ធផលទាំងនេះគឺជាផលជះវិជ្ជមានមួយពីកម្មវិធី TVET ១,៥ លាននាក់របស់រាជរដ្ឋាភិបាលបានផ្ដល់ជូនប្រជាពលរដ្ឋ
និងយុវជនដែលត្រូវការរៀនជំនាញវិជ្ជាជីវៈ។ ខណៈដែលកម្ពុជាកំពុងបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងរឹងមាំ
ការវិនិយោគលើធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃអាទិភាពរបស់រាជរដ្ឋាភិបាល
ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថាសម័យនេះ ការងារ
និងជំនាញរត់រកមនុស្ស។
ទន្ទឹមនឹងនេះ
ឯកឧត្តមក៏បានយកចិត្តទុកដាក់ជំរុញឱ្យពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលបានទទួលព័ត៌មាន
ហើយចុះឈ្មោះចូលរៀនបានច្រើនជាងមុន ដោយក្រសួងនឹងពិចារណាបង្កើនកិច្ចសហការជាមួយភូមិ
ឃុំ/សង្កាត់។ បន្ថែមពីនេះ ដើម្បីសម្រួលដល់កង្វះមធ្យោបាយធ្វើដំណើរទៅសាលារៀន
ក្រសួងក៏នឹងរៀបចំបញ្ជូនរថយន្តចល័ត
និងគ្រូបង្រៀនទៅធ្វើការបណ្តុះបណ្តាលដល់សហគមន៍មូលដ្ឋាន ជាពិសេសលើជំនាញងាយៗដូចជា
កែច្នៃផ្លែឈើ អ៊ុតសក់ ឬជួសជុលគ្រឿងម៉ាស៊ីនជាដើម។
ឯកឧត្តមអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់មានជំនាញ ការងារ
និងប្រាក់ចំណូលមិនទៀងទាត់ឱ្យចូលរួមក្នុងកម្មវិធីនេះ
ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ហើយទទួលបានការងារនៅតាមរោងចក្រ
សហគ្រាសជាមួយនឹងប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ពី ប.ស.ស. ថែមទៀត។
ចំណែកឯលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា
បានសម្តែងនូវក្តីរីករាយដែលចំនួនប្រជាពលរដ្ឋ យុវជន
និងអតីតពលករទទួលបានអត្ថប្រយោជន៍ពីកម្មវិធី
ក៏ដូចជាការលើកកម្ពស់ជីវភាពតាមរយៈកម្មវិធី TVET ដែលជាមោទនភាពសម្រាប់ខ្លួនឯង
និងគ្រួសារ។ លោកស្រីមានប្រសាសន៍ថា ការធ្វើបទបង្ហាញ និងសំណូមពរ
គឺការជំរុញឱ្យមានបរិយាបន្នកាន់តែប្រសើរសម្រាប់ជនមានពិការភាព ការកែសម្រួលកម្មវិធីបណ្តុះបណ្តាល
ក៏ដូចជាសម្ភារចាំបាច់នានា ដើម្បីឱ្យជនមានពិការភាពអាចទទួលបានឱកាសបណ្តុះបណ្តាល
ហើយបន្ទាប់មកអាចទទួលបានការងារធ្វើផងដែរ។
ទាំងនេះគឺជាចំណុចដែលនឹងយកទៅពិភាក្សាក្នុងគណៈប្រឹក្សាភិបាលនៃកម្មវិធី
ហើយព្យាយាមស្វែងរកដំណោះស្រាយតាមភាពជាក់ស្តែង។
ក្រុមសិក្ខាកាមដែលជាជនមានពិការភាពជាច្រើនរូបបានបង្ហាញពីបទពិសោធរបស់ខ្លួន
និងការទទួលបានអត្ថប្រយោជន៍នៃការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថាន។
ជាក់ស្តែង លោក ថន រិទ្ធី
ដែលធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍បានបើកតូបមួយនាពេលថ្មីៗនេះ
ដើម្បីផ្តល់សេវាជួសជុលគ្រឿងអគ្គិសនី ក្រោយពីទទួលបានការបណ្តុះបណ្តាល។
បញ្ហាប្រឈមមួយចំនួននៅក្នុងការអនុវត្តកម្មវិធី ដូចជា ខ្វះអគារសិក្សា កន្លែងស្នាក់នៅ
សម្ភារបង្រៀននិងរៀន និងការបោះបង់ការសិក្សាដោយសារតែកត្តាជីវភាព
ក៏ត្រូវបានលើកយកមកពិភាក្សានាពេលនេះផងដែរ។
តំណាងពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានបញ្ជាក់ពីកិច្ចខិតខំអនុវត្តកម្មវិធីនេះយ៉ាងសកម្មទៅកាន់សហគមន៍តាមមូលដ្ឋាន
តាមរយៈការចុះផ្សព្វផ្សាយដោយផ្ទាល់នៅថ្នាក់ឃុំ/សង្កាត់ និងកៀរគរយុវជន
ជាពិសេសពីគ្រួសាររងហានិភ័យ ជនមានពិការភាព និងអតីតពលករពីប្រទេសថៃឱ្យចូលរួមកម្មវិធី TVET
១,៥ លាននាក់។
សូមបញ្ជាក់ថា គណៈប្រឹក្សាភិបាលដែលរួមមាន
តំណាងអង្គការ UNESCO, UNICEF, UNIDO, ILO, ទីភ្នាក់ងារ SDC
និងដៃគូអភិវឌ្ឍន៍ក៏បានធ្វើទស្សនកិច្ចនៅសិប្បកម្ម តាកាឌា
ដើម្បីធ្វើការឈ្វេងយល់ពីការប្រឈម ឱកាសការអភិវឌ្ឍជំនាញ
និងបង្កើតការងារសម្រាប់យុវជនផងដែរ៕







Post a Comment