គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដើម្បីពង្រឹងកិច្ចសហការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់
គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី
បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី
ដើម្បីពង្រឹងកិច្ចសហការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams នៅក្នុងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក
អនុប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោក
លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ
អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក អធិការក្រុង-ស្រុក និងមន្រ្តីពាក់ព័ន្ធ
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ គសាលាខេត្តមណ្ឌលគិរី។
នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានមានប្រសាសន៍ថា
កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ វាយតម្លៃ
និងដាក់ចេញវិធានការបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ
(Online Scams) និងបទល្មើសបច្ចេកវិទ្យាផ្សេងៗ។ ដូច្នេះ
ការពង្រឹងកិច្ចសហការរវាងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ
ក្នុងការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញគ្រប់ទម្រង់ ព្រមទាំង
ជំរុញការផ្សព្វផ្សាយ អប់រំ និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីហានិភ័យ
និងវិធីការពារខ្លួន ពីការឆបោកតាមប្រព័ន្ធអនឡាញ
ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត
បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក និងកងម្លាំងមានសមត្ថកិច្ចទាំងអស់
ត្រូវសហការគ្នា និងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេស
ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព៕






Post a Comment