អ៊ីរ៉ង់បាញ់ព្រមានកប៉ាល់៤គ្រឿង ដែលព្យាយាមបើកឆ្លងច្រកសមុទ្រ Hormuz

តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍ថា នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងរបស់អ៊ីរ៉ង់ បានបាញ់ព្រមានកប៉ាល់៤គ្រឿង ដែលប៉ុនប៉ងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងថ្ងៃតែមួយ ដែលទីក្រុងវ៉ាស៊ីនតោន បានបើកការវាយប្រហារថ្មីទៀត លើភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

IRIB បានរាយការណ៍ថា កប៉ាល់៤គ្រឿងបានព្យាយាមឆ្លងច្រកសមុទ្រ Hormuz ដើម្បីចូលទៅឈូងសមុទ្រពែរ្ស ដោយមិនមាន​ការសម្របសម្រួលសហការជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ង់។ IRIB បានបន្ថែមថា កប៉ាល់ទាំងនោះត្រូវបានព្រមាន ហើយបន្ទាប់ពី​ព្រមាននៅតែមិនស្តាប់ កងកម្លាំងអ៊ីរ៉ង់បានសម្រេចចិត្តបាញ់គំរាម ដើម្បីបង្ខំឱ្យពួកគេត្រឡប់ទៅក្រោយវិញ។ យ៉ាងណាមិញ ពុំមានការបញ្ជាក់លម្អិតពីព័ត៌មាននៃកប៉ាល់ទាំងនោះទេ។

សូមជម្រាបថា ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយ ទទួលបន្ទុកចរាចរណ៍ដឹកបញ្ជូនប្រេង និងឧស្ម័នប្រហែល​២០ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់សឹងទាំងស្រុង ឆ្លើយតបការបង្កសង្រ្គាមពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ។ បញ្ហានៃការគ្រប់គ្រងច្រកសមុទ្រនេះ គឺជាបញ្ហាខ្ទាស់ចម្បងមួយ ក្នុងកិច្ចចរចាបញ្ចប់សង្រ្គាម​រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន៕ (AFP)



 

Powered by Blogger.