មេដឹកនាំកំពូលអ៊ីរ៉ង់ ចេញបញ្ជាហាមឃាត់មិនឱ្យបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ទៅក្រៅប្រទេស
ឌូបៃ៖ ប្រភពជាន់ខ្ពស់ពីអ៊ីរ៉ង់ចំនួនពីររូប បានបង្ហើបឱ្យដឹងថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូឡា ម៉ូចតាបា ខាមេណៃ បានចេញបញ្ជាណែនាំមិនឱ្យបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ របស់ខ្លួនទៅក្រៅប្រទេសឡើយ ដែលការសម្រេចចិត្តនេះធ្វើឱ្យជំហររបស់ទីក្រុងហេរ៉ង់កាន់តែរឹងត្អឹង និងធ្វើឱ្យកិច្ចចរចាសន្តិភាពជួបភាពរកាំរកូសខ្លាំង។
បទបញ្ជារបស់លោក ខាមេណៃ អាចនឹងបង្កការខកចិត្តកាន់តែខ្លាំងដល់ប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ ខណៈដែលកន្លងមក លោក ត្រាំ ធ្លាប់បានធានាអះអាងចំពោះអ៊ីស្រាអែលថា
រាល់ស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់របស់អ៊ីរ៉ង់នឹងត្រូវបង្ខំឱ្យបញ្ជូនចេញទៅក្រៅប្រទេស
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព។
ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក
បេនចាមីន នេតាន់យ៉ាហ៊ូ ក៏បានប្រកាសយ៉ាងម៉ឺងម៉ាត់ផងដែរថា
ខ្លួននឹងមិនចាត់ទុកសង្គ្រាមនេះថាបានបញ្ចប់ឡើយ
ដរាបណាសារធាតុអ៊ុយរ៉ាញ៉ូមមិនត្រូវបានដកចេញពីអ៊ីរ៉ង់
ហើយសមត្ថភាពមីស៊ីលរបស់ប្រទេសនេះមិនត្រូវបានកម្ទេចចោលទេនោះ។
ទោះជាយ៉ាងណា ប្រភពពីអ៊ីរ៉ង់បានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា
មេដឹកនាំកំពូល និងរដ្ឋបាលយោធាអ៊ីរ៉ង់ មានការឯកភាពគ្នាយ៉ាងមុតមាំថា
សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០ភាគរយ (ដែលជិតដល់កម្រិត
៩០ភាគរយសម្រាប់ផលិតអាវុធ) ត្រូវតែរក្សាទុកក្នុងប្រទេស
ព្រោះពួកគេជឿជាក់ថាការបញ្ជូនវាទៅក្រៅប្រទេស នឹងធ្វើឱ្យអ៊ីរ៉ង់កាន់តែងាយរងគ្រោះចំពោះការវាយប្រហារនាពេលអនាគតពីសំណាក់អាមេរិក
និងអ៊ីស្រាអែល៕ (Reuters)

Post a Comment