កម្ពុជាមិនបានផ្ទុះអាវុធ ចំនួន៥គ្រាប់ នៅតំបន់ភ្នំបាក់ ដូចការផ្សាយរបស់ថៃឡើយ
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០៖៤០នាទី ទំព័រក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។
ក្រសួងការពារជាតិកម្ពុជា
ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់
ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។
ក្រសួងការពារជាតិកម្ពុជា
មិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀតពីសំណាក់យោធាថៃ
និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ
ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
អំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់
ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់
សុចរិតនូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក
ជាពិសេសការអនុលោមតាមចំនុចទី៨ នៃសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ
ឆ្នាំ២០២៥ ស្តីពីការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ
ដើម្បីកសាងជំនឿទុកចិត្តទៅវិញទៅមក
និងបរិយាកាសអំណោយផលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ
និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា
នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព
និងអនុវត្តយ៉ាងពេញលេញ
និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣
នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ
ឆ្នាំ២០២៥,
សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត
ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព
សន្តិភាព និងស្ថិរភាពយូរអង្វែង៕

Post a Comment