ត្រាំ ថាសហរដ្ឋអាមេរិក នឹងមិនប្រញាប់ចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ឡើយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថា រូបលោកបានប្រាប់ក្រុមមន្ត្រីរបស់លោកមិនឱ្យប្រញាប់ ចុះកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ទេ ខណៈរដ្ឋបាលរបស់លោកបានបន្ថយក្ដីសង្ឃឹមលើការសម្រេចបានលទ្ធផលផ្លែផ្កាភ្លាមៗ ក្នុងកិច្ចចរចាបិទបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានសរសេរដូច្នេះថា «ការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើកប៉ាល់អ៊ីរ៉ង់ ក្នុងតំបន់ច្រកសមុទ្រ Hormuz នឹងនៅតែបន្តចូលជាធរមាន រហូតទាល់តែកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ទទួលស្គាល់ជាផ្លូវការ និងត្រូវបានចុះហត្ថលេខា»។ លោក ត្រាំបន្ថែមថាទាំងអាមេរិក និងអ៊ីរ៉ង់ មិនចាំបាច់ប្រញាប់ចុះកិច្ចព្រមព្រៀងនោះទេ។

ភ្លាមៗមិនទាន់មានការអត្ថាធិប្បាយពីរដ្ឋាភិបាលអ៊ីរ៉ង់នៅឡើយទេ។ តែទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានទំនាក់ទំនងជាមួយ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានរាយការណ៍ថាសហរដ្ឋអាមេរិកនៅតែបង្កឧបសគ្គរាំងស្ទះដល់ការឈានដល់កិច្ចព្រមព្រៀង ក្នុងនោះរួមមានទាំងសំណើរបស់តេហេរ៉ង់ឱ្យបញ្ចេញ ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោក ត្រាំខ្លួនឯងបានធ្វើឱ្យគេគ្រប់គ្នាមានសង្ឃឹមថាកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអ៊ីរ៉ង់អាចនឹងឈានដល់ក្នុងពេលឆាប់ ក្រោយរូបលោកនិយាយថាទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់បានឯកភាពគ្នាលើចំណុចជាច្រើននៃអនុស្សារណយោគយល់មួយស្ដីពីកិច្ចព្រមព្រៀងសន្តិភាពដែលនឹងនាំទៅរកការបិទ ច្រកសមុទ្រ Hormuz

ភាគីទាំងសងខាងនៅតែខ្ទាស់គ្នាលើបញ្ហាសំខាន់ៗជាច្រើន តួយ៉ាងដូចជាមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ សង្រ្គាមរបស់អ៊ីស្រាអែលនៅលីបង់ជាមួយហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ព្រមទាំង ការទាមទាររបស់តេហេរ៉ង់ឱ្យសហរដ្ឋអាមេរិកលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក៕



 

Powered by Blogger.