ឯកឧត្តម ប៉ែន បូណា ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងប្រកាន់ខ្ជាប់ គោលនយោបាយផ្សះផ្សារជាតិ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ដឹកនាំរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់ នូវគោលនយោបាយផ្សះផ្សារ និងបង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា “ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយផ្សះផ្សារ បង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ តាមរយៈសិល្បៈនៃការដឹកនាំប្រកបដោយគុណធម៌ និងពោរពេញដោយការសណ្តោសប្រោសប្រណី” ។ឯកឧត្តមអ្នកនាំពាក្យបន្ថែមថា ការបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយជិត៣ទសវត្សរ៍ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ នាំមកនូវសន្តិភាព ពេញលេញ និងការផ្សះផ្សារបង្រួបបង្រួមជាតិដ៏ពិតប្រាកដមួយ កាលពីចុងឆ្នាំ១៩៩៨ ដែលអនុញ្ញាតឱ្យខ្មែរគ្រប់និន្នាការ អាចរួមរស់ជាមួយគ្នា ក្រោមដំបូលរាជរដ្ឋាភិបាល រដ្ឋធម្មនុញ្ញ និងការឯកភាពទឹកដីតែមួយ ក្រោមម្លប់អង្គព្រះមហាក្សត្រ ដែលមិនធ្លាប់មានរយៈពេលជាង ៥០០ឆ្នាំចុងក្រោយ ។ នេះបានបង្ហាញច្បាស់ពីសិល្បៈ នៃការដឹកនាំដ៏ប៉ិនប្រសប់ និងគុណធម៌កម្រិតខ្ពស់ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមថា គុណធម៌ដ៏ប្រពៃនេះ ត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ ធ្វើឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ទទួលបានការគោរពស្រឡាញ់ និងគាំទ្រ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយគណបក្សប្រជាជនកម្ពុជា នៅតែឈរជើងយ៉ាងរឹងមាំ ក្នុងនាមជាគណបក្ស ដឹកនាំរាជរដ្ឋាភិបាល និងនៅតែជាជម្រើសមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងពេលអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។
សូមជម្រាបថា ការលើកឡើងឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យ លើកលែងទោសដល់លោក កឹម សុខា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ តាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ ។ សម្តេចធិបតីចាត់ទុក ការលើកលែងទោសឱ្យលោក កឹម សុខាថា ជាជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ៕

Post a Comment