លោក ហ៊ួរ មិថុនា ៖ ប្រជាពលរដ្ឋត្រូវការសេវាទាន់ចិត្ត ជាជាងអំណោយ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ អភិបាលរងខេត្តកែប លោក
ហ៊ួរ មិថុនា បានផ្ញើសារដាស់តឿនយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ទីរ
និងអង្គភាពពាក់ព័ន្ធទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ដោយសង្កត់ធ្ងន់ថា អ្វីដែលប្រជាពលរដ្ឋចង់បានបំផុត គឺសេវាកម្មដែលលឿនរហ័ស
និងទាន់ចិត្ត មិនមែនជាការចែកអំណោយនោះឡើយ។
ថ្លែងនៅក្នុងកិច្ចប្រជុំ ឬការចុះបំពេញបេសកកម្មការងារកន្លងទៅនេះ
លោកអភិបាលរងខេត្ត បានរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់
ត្រូវរួមគ្នាលុបបំបាត់រាល់ភាពអវិជ្ជមានទាំងឡាយ ដែលធ្លាប់កើតមានឡើងក្នុងពេលកន្លងមក
ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
«យើងត្រូវកែប្រែភាពអវិជ្ជមានទាំងឡាយចេញ
ហើយងាកមកបង្កបរិយាកាសរីករាយ បង្កើតភាពស្និទ្ធស្នាល និងផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋវិញ
នៅពេលដែលពួកគាត់មកទទួលសេវានានា»។
នេះជាប្រសាសន៍លោក ហ៊ួរ មិថុនា។
យ៉ាងណា កាត់បន្ថយនីតិវិធីស្មុគស្មាញ ដើម្បីធានាថា ពលរដ្ឋទទួលបានសេវាទាន់ពេលវេលា។ កែប្រែឥរិយាបថមន្ត្រីថ្នាក់ក្រោម វៀរចាកពីភាពរើសអើង
ឬការធ្វើឱ្យមានការរំខានដល់ពលរដ្ឋ។ បង្កលក្ខណៈងាយស្រួល និងទទួលស្វាគមន៍ពលរដ្ឋដោយស្នាមញញឹម
និងការគោរព។
សារដាស់តឿននេះ
បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តកែប ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព
តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
ដើម្បីបង្កើនទំនុកចិត្តរវាងពលរដ្ឋ និងរាជរដ្ឋាភិបាល៕





Post a Comment