ពិធីផ្សព្វផ្សាយរួម និងការអនុវត្តបង្ហាញបច្ចេកទេស ព្រោះស្រូវដោយប្រើម៉ាស៊ីន និងការប្រគល់-ទទួលឧបករណ៍គាំទ្រវិស័យកសិកម្ម
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល អដ្ឋស័ក ព.ស. ២៦៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ មានរៀបចំពិធីផ្សព្វផ្សាយរួម និងការអនុវត្តបង្ហាញបច្ចេកទេសព្រោះស្រូវដោយប្រើប្រាស់ម៉ាស៊ីន ព្រមទាំងពិធីប្រគល់-ទទួលម៉ាស៊ីនព្រោះស្រូវ ដែលជាអំណោយឧបត្ថម្ភពីនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ ជូនដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ដកែប ដែលបានរៀបចំឡើងនៅទីតាំងភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ពិធីប្រគល់ និងទទួលម៉ាស៊ីន និងឧបករណ៍កសិកម្មពីនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ ជូនទៅមន្ទីរជំនាញ ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពគាំទ្រ បម្រើ និងជំរុញផលិតកម្មកសិកម្មរបស់បងប្អូនប្រជាកសិករក្នុងខេត្តកែប ឱ្យកាន់តែមានភាពរីកចម្រើន និងទាន់សម័យ។
ក្នុងការផ្សព្វផ្សាយ និងបង្ហាញបច្ចេកទេស ក្រុមការងារជំនាញបានធ្វើការណែនាំ និងអនុវត្ត បង្ហាញផ្ទាល់នូវបច្ចេកទេសព្រោះស្រូវដោយប្រើប្រាស់ម៉ាស៊ីន ដែលជាបច្ចេកវិទ្យាទំនើប ជួយសន្សំសំចៃពេលវេលា ថវិកា និងគ្រាប់ពូជ ព្រមទាំងបង្កើនទិន្នផលបានខ្ពស់ជាងមុន។
ការនាំយកបច្ចេកវិទ្យាកសិកម្មដើរដោយម៉ាស៊ីននេះ គឺដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ ផ្លាស់ប្តូរទម្លាប់ពីការធ្វើកសិកម្មបែបបុរាណ មកជាកសិកម្មបែបទំនើបកម្ម ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងតម្រូវការទីផ្សារបច្ចុប្បន្នុ៕









Post a Comment