អ៊ីស្រាអែល លួចលាក់សង់មូលដ្ឋានទ័ពសម្ងាត់មួយលើទឹកដីអ៊ីរ៉ាក់ ដើម្បីគាំទ្រដល់សង្រ្គាមជាមួយអ៊ីរ៉ង់
បរទេស៖ កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថាអ៊ីស្រាអែលបានសង់មូលដ្ឋានយោធាសម្ងាត់មួយស្ថិតនៅតំបន់វាលខ្សាច់ដាច់ស្រយាល ក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ ហើយថែមទាំងបានវាយប្រហារលើកងទ័ពអ៊ីរ៉ាក់ទៀតផង ដើម្បីកុំឱ្យបែកធ្លាយដំណឹងពីមូលដ្ឋានទ័ពនេះ។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីដែលបានដឹងពីមូលដ្ឋានទ័ពសម្ងាត់ខាងលើរបស់អ៊ីស្រាអែល
ក្នុងនោះរួមមានទាំងពីក្រុមមន្ត្រីអាមេរិក Wall Street Journal (WSJ) បានឱ្យដឹងថា អ៊ីស្រាអែលបានសង់មូលដ្ឋានទ័ពនេះសម្រាប់កងទ័ពពិសេស
និងប្រើប្រាស់ជាមជ្ឈមណ្ឌលភស្តុភារសម្រួលដល់ការវាយប្រហារតាមផ្លូវអាកាស
តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុននឹងសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈកន្លងទៅ។
តាម WSJ មូលដ្ឋានទ័ពនេះក៏ត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ក្រុមអ្នកស្វែងរក
និងជួយសង្រ្គោះពីឡុតអ៊ីស្រាអែល ក្នុងករណីដែល
យន្ដហោះចម្បាំងរបស់ពួកគេត្រូវបានបាញ់ទម្លាក់ផងដែរ។
បើតាម WSJ មូលដ្ឋានទ័ពសម្ងាត់របស់អ៊ីស្រាអែលស្ទើរតែត្រូវបានទម្លាយឱ្យដឹងកាលពីដើមខែមីនា
ក្រោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់បានរាយការណ៍ពីសកម្មភាពយោធា ខុសធម្មតា
ក្នុងនោះរួមមានទាំងសកម្មភាពរបស់ឧទ្ធម្ភាគចក្រក្នុងតំបន់នោះ។
ក្រោយផ្ទុះព័ត៌មាននេះដែរ កងទ័ពអ៊ីរ៉ាក់ត្រូវបានបញ្ជូនឱ្យទៅបើកការស៊ើបអង្កេត
ប៉ុន្តែកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារ តាមផ្លូវអាកាសដើម្បីរារាំងកុំឱ្យកងទ័ពអ៊ីរ៉ាក់ចូលក្បែរមូលដ្ឋានទ័ពសម្ងាត់៕ (Reuters)

Post a Comment