ថាក់ស៊ីន ត្រូវបានដោះលែងចេញពីពន្ធនាគារ ប៉ុន្តែតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការរយៈពេល៤ខែ
បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេល ៨ខែ ក្រោយតុលាការរកឃើញថា រូបលោកបានប្រព្រឹត្តកំហុសដោយស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីគេចវេសការអនុវត្តទោសជាប់ឃុំក្នុងពន្ធនាគារ។
ក្រោយចេញពន្ធនាគារ លោក Thaksin
ត្រូវបានតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការ
សម្រាប់រយៈពេល៤ខែ នៃការដោះលែងឱ្យនៅក្រៅឃុំ។
បន្ទាប់ពីរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល
១៥ឆ្នាំ លោក Thaksin បានត្រឡប់ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣
ដើម្បីប្រឈមមុខនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទពុករលួយ
និងរំលោភអំណាចអំឡុងរូបលោកកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។
ទោសនេះត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ។ ប៉ុន្តែ លោក Thaksin
បានចំណាយពេលក្នុងពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ
និងបានចំណាយពេល ៦ខែនៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក
ក្រោមហេតុផលមានបញ្ហាសុខភាព។
កាលខែកញ្ញា ឆ្នាំ២០២៥ តុលាការថៃបានរកឃើញថា
ការសម្រាកនៅមន្ទីរពេទ្យរបស់លោក Thaksin ជាទង្វើខុសច្បាប់
ហើយបញ្ជូនរូបលោកទៅត្រឡប់ទៅកាន់ពន្ធនាគារវិញ។ លោក Thaksin មានអាយុ៧៦ឆ្នាំ
បានដើរចេញពីពន្ធនាគារនៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ៕

Post a Comment