សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ មានតែចំណេញ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណន ដែលកំពុងបើកដំណើរ ការសាងសង់ នឹងផ្តល់ផលចំណេញយ៉ាច្រើនដល់សេដ្ឋកិច្ចជាតិ ។
ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រកែច្នៃជរ័កៅស៊ូ
នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី
មានប្រសាសន៍ថា ក្រោយគម្រោង ព្រែកជីកហ្វូណនតេជោសាងសង់រាល់
រាជរដ្ឋាភិបាលនឹងធ្វើការស្ដារ ប្រព័ន្ធផ្លូវទឹកបន្ថែម ដើម្បីតភ្ជាប់ព្រែកជីកនេះ
ទៅតាមបណ្ដាខេត្តនានា ដូចជា ខេត្តកំពង់ឆ្នាំ ឬខេត្តក្រចេះ
ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូន ជាពិសេសផលិតផលកសិកម្មនៅកម្ពុជា។
សម្តេចធិបតីមានប្រសាសន៍បន្តថា
គម្រោងព្រែកជីកហ្វូណន នឹងផ្ដល់ផលចំណេញសម្រាប់សេដ្ឋកិច្ចច្រើននាថ្ងៃអនាគត
តាមរយៈការផ្ដល់លទ្ធភាពដល់ការដឹកជញ្ជូន ការប្រើប្រាស់ជាប្រព័ន្ធធារាសាស្ត្រសម្រាប់វិស័យកសិកម្មដែលនៅតាមបណ្ដោយព្រែករាប់លានហិកតា
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មបន្ថែម។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា
ដូច្នេះបើមើលរយៈពេលវែង សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល គឺចំណេញ ។
សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា “ត្រូវតែធ្វើ
ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទាំងមូលគឺជួយទៅដល់វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម
ជាពិសេសវិស័យដឹកជញ្ជូនរបស់យើង ដើម្បីធានានូវភាពប្រកួតប្រជែងរបស់យើង ។
នេះគឺជាផលដែលខ្ញុំហ៊ានធានាថា អត់ខាតទេធ្វើព្រែកជីកហ្វូណននេះ គឺមានតែចំណេញ”។
សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ
គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រទី១ របស់ប្រទេសកម្ពុជា
ដែលបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ផងដែរ។
គម្រោងនេះ គ្រោងបញ្ចប់សាងសង់នៅឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ។
គម្រោងព្រែកជីកហ្វូណនតេជោ
តភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្ររបស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ
ទទឹងមុខកាត់ផ្នែកខាងលើ១០០ម៉ែត្រ ក្រោម៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២គន្លង។ ផ្លូវទឹកនេះ ចាប់ផ្តើមពីព្រែកតាកែវ
នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង
និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប៕

Post a Comment