ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាល ប្រើយន្តការផ្សះផ្សារ ដោយចាប់បង្ខំ ឆ្លុះបញ្ចាំងឱ្យឃើញក្តីសង្ឃឹម

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ បន្ទាប់ពីភាគីថៃ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 បានឆ្លុះបញ្ចាំង ឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ ដែលប្រទេសទាំងពីរអាចសម្រេចបាន នូវដំណោះស្រាយមួយដោយយុត្តិធម៌ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។

ឯកឧត្តមថា យន្តការនៃការផ្សះផ្សារ ដោយចាប់បង្ខំ ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។

ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា “ដូច្នេះ ការសម្រេចចិត្តរបស់កម្ពុជាឆ្លុះបញ្ចាំង ឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ ដែលប្រទេសទាំងពីរ អាចសម្រេចបាន នូវដំណោះស្រាយមួយ ដោយយុត្តិធម៌ យូរអង្វែង និងស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ” ។

បើតាមឯកឧត្តម ប៉ែន បូណា ស្រង់ប្រសាសន៍របស់សម្តេចធិបតីមកបញ្ជាក់ថា ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលបង្កើតឡើងក្រោមអនុសញ្ញានេះឡើយ៕



Powered by Blogger.