ក្រសួងព័ត៌មានរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ ឆ្នាំ២០២៦ ក្រោមប្រធានបទ«កុមាតជាគ្រាប់ពូជសន្តិភាព ការរៀនសូត្រជាអាវុធ និងខែលការពារជាតិ»
រាជធានីភ្នំពេញ÷ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ ឆ្នាំ២០២៦ ក្រោមប្រធាន «កុមារជាគ្រាប់ពូជសន្តិភាព ការរៀនសូត្រជាអាវុធ និងខែលការពារជាតិ» ដែលពិធីនេះរៀបចំធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតន: នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគម «នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» នៃក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ និងកុមារា កុមារី ជាច្រើនជាច្រើនរូប។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន បានថ្លែងទៅកាន់អ្នកចូលរួមបញ្ជាក់ថា មហោស្រពចម្រៀងកុមារនាឱកាសឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «កុមារជាគ្រាប់ពូជសន្តិភាព ការរៀនសូត្រជាអាវុធ និងខែលការពារជាតិ» ដែលមានអត្ថន័យជ្រាលជ្រៅ និងមានតម្លៃអប់រំខ្ពស់ កុមារគឺជាអនាគតនៃជាតិ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានសន្តិភាព ស្ថិរភាព និងចីរភាព។ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំមហោស្រពនេះ ដែលមិនត្រឹមតែជាវេទិកាបង្ហាញទេពកោសល្យរបស់កុមារតាមរយៈសិល្បៈតន្ត្រី និងចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះគំនិតដល់កុមារជំនាន់ក្រោយឲ្យមានសីលធម៌រស់នៅល្អ និងមានស្មារតីស្នេហាជាតិ។ ក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលនៅតែមានការប្រឈម និងភាពមិនប្រាកដប្រជា ការបណ្តុះកុមារឲ្យមានចំណេះដឹង មានវិន័យ មានសីលធម៌ និងមានស្មារតីរួបរួមសាមគ្គី គឺជាការវិនិយោគដ៏សំខាន់សម្រាប់ថ្ងៃអនាគត កុមារដែលមានចំណេះដឹង និងគុណធម៌ល្អ នឹងក្លាយទៅជាខែលការពារជាតិដ៏រឹងមាំបំផុត។
បើតាមលោកជំទាវ នង ធួក អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បញ្ជាក់ថា មហោស្រពចម្រៀងកុមារនេះ បានប្រារព្ធពិធីបើកកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ទទួលបានការចូលរួមពីសាលាបឋមសិក្សាចំនួន ១៧ ក្នុងនោះមកពីរាជធានីភ្នំពេញ ចំនួន១៣ សាលា មានបេក្ខជនចំនួន ២៦ ក្រុម, មកពីខេត្តកណ្តាលចំនួន ០២ សាលា មានបេក្ខជនចំនួន ០២ ក្រុម, មកពីខេត្តកំពង់ធំ ចំនួន ០១ សាលា មានបេក្ខជនចូលរួមចំនួន ០១ ក្រុម និងមកពីខេត្តសៀមរាបចំនួន ០១ សាលា មាន បេក្ខជនចំនួន ០២ ក្រុម សរុបទាំងអស់មានចំនួន ៣១ ក្រុមប្រកួត ដោយក្នុងមួយក្រុមៗគណ:កម្មការតម្រូវអោយតាក់តែងចម្រៀងចំនួន ០២ បទ ដើម្បីចូលរួមប្រកួតប្រជែង។
លោកជំទាវបន្តថា បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បេក្ខភាពទាំង ០៥ ក្រុម បានឈានចូលមកប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើម ដោយជ័យលាភីលេខ០១ បានទៅលើក្រុមមកពីសាលាបឋមសិក្សា មីគីវ៉េដង្កោក្រុម១ , ជ័យលាភីលេខ២ បានទៅលើក្រុមមកពីសាលាបឋមសិក្សា មីគីវ៉េពោធិ៍សែនជ័យ, ជ័យលាភីលេខ៣ បានទៅលើក្រុមមកពីសាលាបឋមសិក្សា វត្តរាជបូណ៏ក្រុម២, ជ័យលាភីលេខ៤ បានទៅលើក្រុមមកពីសាលា ដុនបស្កូក្រុម១ និងជ័យលាភីលេខ៥ បានទៅលើសាលាបឋមសិក្សាចតុមុខក្រុម៣៕







Post a Comment