សក្តានុពលទេសចរណ៍កម្ពុជា និងទស្សនាកម្ពុជា នារដូវកាលបៃតងត្រូវបានបង្ហាញក្នុងឱកាសបើកយុទ្ធនាការ «សហភាពអឺរ៉ុប-នៅទីនេះជាមួយអ្នក»

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីបើកយុទ្ធនាការ «សហភាពអឺរ៉ុប-នៅទីនេះជាមួយអ្នក» ដែលរៀបចំដោយស្ថានទូតសហភាព អឺរ៉ុបប្រចាំកម្ពុជា ជាមួយលោក អ៊ីហ្គ័រ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា រួមទាំងឯកឧត្តម ហួត ហៃ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំពីស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនជាច្រើននាក់ នៅវិថីថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង បង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងទំនាក់ទំនងកិច្ច សហប្រតិបត្តិការល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងឆ្លុះបញ្ចាំងពីការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា ជាពិសេសតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជន ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ សិល្បៈ និងសកម្មភាពច្នៃប្រឌិត។ល។
ក្នុងឱកាសនេះដែរ មរដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថាវិស័យទេសចរណ៍ គឺជាវិស័យអាទិភាព និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសម្បូរបែបដោយសក្តានុពលវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលបន្តទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោក។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាក្នុងរដូវបៃតង ចាប់ពីខែឧសភា ដល់ ខែតុលា ដើម្បីទទួលបានបទពិសោធថ្មីៗ ជាមួយទេសភាពបៃតងស្រស់ស្អាត វប្បធម៌ដ៏សម្បូរបែប និងការផ្តល់ជូនពិសេសជាច្រើន លើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរ ស្របតាមទិសស្លោករបស់រដូវកាលបៃតង «៦គួរ»៖១. គួរចង់ឃើញ៖ ទស្សនាទេសភាពធម្មជាតិ ព្រៃភ្នំខៀវស្រងាត់ ទឹកជ្រោះហូរធ្លាក់ និងវាលស្មៅបៃតងខ្ចី។ ២. គួរស្នាក់នៅ៖ សម្រាកលំហែតាមផ្ទះសំណាក់ រីសត ឬសណ្ឋាគារដែលពោរពេញដោយខ្យល់អាកាសបរិសុទ្ធ និងមានការបញ្ចុះតម្លៃពិសេសៗ។ ៣. គួរភ្លក្ស៖ សាកល្បងម្ហូបអាហារតាមតំបន់ ផ្លែឈើស្រស់ៗ និងភេសជ្ជៈពិសេសៗនារដូវវស្សា។ ៤. គួរទស្សនា៖ រុករកតំបន់បេតិកភណ្ឌ តំបន់ការពារធម្មជាតិ និងសហគមន៍អេកូទេសចរណ៍ (ដូចជាតំបន់អង្គរ ខេត្តមណ្ឌលគិរី ឬខេត្តរតនគីរី)។ ៥. គួរសាកល្បង៖ បទពិសោធន៍នៃការដើរព្រៃ ជិះទូកកម្សាន្ត មើលសត្វស្លាប និងការស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច និង៦. គួរទិញ៖ ទិញផលិតផលសិប្បកម្ម កសិផលធម្មជាតិ និងវត្ថុអនុស្សាវរីយ៍ពីសហគមន៍មូលដ្ឋាន៕













Powered by Blogger.