ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី ផ្តាច់ជីវិតមនុស្សយ៉ាងហោច៣នាក់ និង១០នាក់ទៀតបាត់ខ្លួន
ហ្សាការតា៖ អ្នកឡើងភ្នំ៣នាក់ ក្នុងនោះ២នាក់ជាជនបរទេស បានស្លាប់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្នំភ្លើងឈ្មោះ Dukono នៅលើកោះ Halmahera ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានផ្ទុះកាលពីព្រឹកថ្ងៃសុក្រនេះ ដោយជះដុំពពកផេះនិងផ្សែងកម្ពស់ប្រហែល១០គីឡូម៉ែត្រ ឡើងទៅលើផ្ទៃអាកាស។
លោក Erlichson Pasaribu ដែលជាមេប៉ូលិសប្រចាំស្រុក Halmahera ខាងជើង បាននិយាយថា
គិតត្រឹមពេលនេះ មនុស្ស ៣នាក់ត្រូវរកឃើញថាបានស្លាប់ ក្នុងនោះ២នាក់ជាជនបរទេស
និងម្នាក់ជាអ្នកស្រុកនៅកោះ Ternate។ បើតាមលោក Erlichson អ្នកឡើងភ្នំ៧នាក់ បានចុះមកវិញដោយសុវត្ថិភាព ប៉ុន្តែ៥នាក់បានរងរបួស
ហើយ១០នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន
នៅក្នុងតំបន់មួយដែលត្រូវបានហាមឃាត់សម្រាប់អ្នកទេសចរ តាំងតែពីខែមុន
ក្រោយក្រុមអ្នកវិទ្យាសាស្រ្តសង្កេតឃើញ
ការកើនឡើងកាន់តែខ្លាំងនៃសកម្មភាពរបស់ភ្នំភ្លើង Dukono។ នាពេលនេះ ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងប្រព្រឹត្តទៅ
ដើម្បីតាមរកអ្នកឡើងភ្នំដែលនៅបាត់ខ្លួន។
ចាប់តាំងពីខែធ្នូ
ចុងឆ្នាំ២០២៥ ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងរបស់ឥណ្ឌូណេស៊ី PVMBG បានណែនាំឱ្យភ្ញៀវទេសចរ ក៏ដូចជាអ្នកឡើងភ្នំ
កុំធ្វើដំណើរមកក្នុងរង្វង់ចម្ងាយ៤គីឡូម៉ែត្រ នៃមាត់របស់ភ្នំភ្លើង Dukono ឱ្យសោះ។ លោក Erlichson
បាននិយាយថា ក្រុមអ្នកឡើងភ្នំខាងលើ
មិនបានអំពើចំពោះការណែនាំលើបណ្តាញសង្គម និងស្លាកសញ្ញាព្រមានពីគ្រោះថ្នាក់
ដែលដាក់នៅមាត់ច្រកឡើងភ្នំ៕ (AFP)

Post a Comment