ប្រទេសជាច្រើន ថ្កោលទោសរដ្ឋមន្ត្រីអ៊ីស្រាអែល ចំពោះការប្រព្រឹត្តមិនគប្បីដាក់ក្រុមសកម្មជននៃនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា
បរទេស៖ រដ្ឋមន្ត្រីសន្តិសុខជាតិស្ដាំនិយមជ្រុលអ៊ីស្រាអែល លោក Itamar Ben Gvir បានបង្ហោះវីដេអូមួយកាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ដែលបង្ហាញពីក្រុមសកម្មជននៃនាវាមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សាដែលត្រូវបានចាប់ខ្លួនជាច្រើននាក់ លុតជង្គង់ ដៃចងទៅក្រោយ និងដាក់ថ្ងាសផ្ទាល់នឹងដី ជាហេតុបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិ។
វីដេអូចែករំលែកលើបណ្ដាញទំនាក់ទំនងសង្គម X ដោយលោក Itamar Ben Gvir ត្រូវបានចេញផ្សាយ
បន្ទាប់ពីកងកម្លាំងអ៉ីស្រាអែលបានស្ទាក់ចាប់នាវា
ជាច្រើនគ្រឿងរបស់ក្រុមសកម្មជននៅឯសមុទ្រ
និងបានចាប់ផ្ដើមឃុំខ្លួនសកម្មជាជនបរទេសរាប់រយនាក់នៅឯទីក្រុងកំពង់ Ashdod។ វីដេអូនោះបានបង្កឱ្យមាន ការថ្កោលទោសជាលក្ខណៈអន្តរជាតិ ខណៈលោក Ben
Gvir ខ្លួនឯង ក៏រងការរិះគន់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin
Netanyahu និងរដ្ឋមន្ត្រីការបរទេស លោក Gideon Saar ផងដែរ។
បារាំង បានចាត់ទុកការប្រព្រឹត្តរបស់លោក Ben
Gvir ចំពោះក្រុមសកម្មជននៃនាវាមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សាជារឿងមិនអាចទទួលយកបាន
និងបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែល
ខណៈអេស្ប៉ាញបានថ្កោលទោសដោយចាត់ទុកថាជាការប្រព្រឹត្តយ៉ាងឃោរឃៅចំពោះក្រុមសកម្មជន
ហើយបានអះអាងថាភារធារីអ៊ីស្រាអែលក៏ត្រូវបានកោះហៅឱ្យចូលជួបដើម្បីសម្ដែងការតវ៉ា។
ចំណែក អ៊ីតាលី និងក្រិក បានថ្កោលទោសរៀងៗខ្លួន
ចំពោះការប្រព្រឹត្តដាក់ក្រុមសកម្មជន
និងអំពាវនាវឱ្យមានការដោះលែងពលរដ្ឋរបស់ពួកគេជាបន្ទាន់
ស្របពេលនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni ទាមទារឱ្យអ៉ីស្រាអែលសូមទោស។
ដោយឡែក នៅឯទីក្រុងអង់ការ៉ាវិញ
រដ្ឋមន្ត្រីការបរទេសតួកគីបាននិយាយថាលោក Ben Gvir ជាថ្មីម្ដងទៀតបានបង្ហាញដោយបើកចំហទៅកាន់ពិភពលោក
ពីអំពើឃោរឃៅ និងហិង្សារបស់រដ្ឋាភិបាលលោក Netanyahu៕ (AFP)

Post a Comment