តុលាការសម្រេចចោទប្រកាន់លើជនសង្ស័យជាជនជាតិចិន៦នាក់ និងវៀតណាម២នាក់ពីបទ«ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុម មានការចាត់តាំង»
អត្ថបទ : ជឹម ទូច
ខេត្តរតនគិរី÷ យោងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរីបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគបាលជាតិ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ចុះបង្ក្រាបបទល្មើស នៅចំណុចផ្ទះឈ្មោះ គ្រុយ ថាវីន ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរកឃើញអត្តសញ្ញាណជនបរទស ប្រមូលផ្តុំសង្ស័យប្រព្រឹត្ត ជាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។កម្លាំងចម្រុះបានធ្វើការត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែង ជាលទ្ធផលរកឃើញជនបរទេសសរុប ៤៦នាក់, ស្រី៤នាក់ ស្មើ២សញ្ជាតិ (ជនជាតិចិនចំនួន ២៨នាក់, ស្រី០នាក់ និង ជនជាតិវៀតណាមចំនួន ១៨នាក់, ស្រី៤នាក់)។ ការឆែកឆេរកម្លាំងចម្រុះបានរកឃើញសម្ភារៈបច្ចេកវិទ្យារួមមានកំព្យូទ័រលើតុ ៦៧គ្រឿង, ទូរស័ព្ទ ១០៧គ្រឿង ដែលបម្រើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យលើសម្ភារៈ និងកំណត់បានសញ្ញាណបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគោលដៅប្រទេសជប៉ុន ក្រោមរូបភាពលួងលោមស្នេហាអូសទាញឱ្យជនរងគ្រោះវិនិយោគរូបិយប័ណ្ណគ្រីបតូលើគេហទំព័រក្លែងក្លាយ និងគោលដៅប្រទេសវៀតណាមក្រោមរូបភាពលួងលោមស្នេហាអូសទាញឱ្យជនរងគ្រោះវិនិយោគលើគេហទំព័រទិញទំនិញតាមអនឡាញក្លែងក្លាយ។
ក្រោយពិនិត្យរបាយការណ៍លេខ២៧ រកបយ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ស្តាប់ចម្លើយជនសង្ស័យ ភស្តុតាងនានារួចមក តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន ៨នាក់ (ជនជាតិចិនចំនួន ៦នាក់, ជនជាតិវៀតណាមចំនួន ២នាក់) ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុម ការចាត់តាំង» ប្រព្រឹត្តនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តរតនគិរី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា៥ កថាខណ្ឌទី១ និងកថាខណ្ឌទី៣ ចំណុវ១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕



Post a Comment