សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា និមន្តជាអធិបតីក្នុងពិធីបើកបវេសនកាលពុទ្ធិសិក្សា ឆ្នាំ២០២៦-២០២៧ នៅខេត្តមណ្ឌលគិរី
ដោយ : ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ ក្នុងខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត រួមទាំងមានការចូលរួម និមន្តពីព្រះមន្ត្រីសង្ឃសាលាគណខេត្ត ព្រះគ្រូអនុគណ ក្រុង ស្រុក ព្រះចៅអធិការទូទាំងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពពាក់ព័ន្ធជាច្រើនអង្គ/នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី។សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើននៃវិស័យសាសនាក្នុងខេត្ត និងបានបញ្ជាក់ថា ព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងសង្គមជាតិ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចព្រះវនរ័ត មានសង្ឃដិកាបន្តថា ទីវត្តអារាមមិនត្រឹមតែជាទីសក្ការៈបូជានោះទេ ប៉ុន្តែជាថ្នាលបណ្តុះបញ្ញាញាណ តម្លៃសីលធម៌ និងជាឃ្លាំងរក្សានូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីជាតិខ្មែរឱ្យគង់វង្ស។
សម្តេចព្រះសង្ឃនាយករង បានដាស់តឿនដល់ព្រះសង្ឃគ្រប់ព្រះអង្គត្រូវធ្វើជាគំរូទាំងចំណេះដឹង និងចរិយាធម៌ ដើម្បីផ្សព្វផ្សាយនូវសន្តិភាពផ្លូវចិត្តដល់ពុទ្ធបរិស័ទ។ សម្តេចក៏បានជំរុញទឹកចិត្តដល់សមណសិស្សទាំងអស់ថាការខិតខំសិក្សារៀនសូត្រនៅថ្ងៃនេះ មិនត្រឹមតែដើម្បីពង្រឹងធម៌វិន័យប៉ុណ្ណោះទេ ប៉ុន្តែគឺជាការសាបព្រួសគ្រាប់ពូជនៃបញ្ញាញាណ ដើម្បីបន្តវេនក្នុងការថែរក្សាមរតកសាសនា និងវប្បធម៌ជាតិ ឱ្យក្លាយជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់មនុស្សជាតិទាំងពួង។
លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត បានលើកឡើងថា វិស័យពុទ្ធិចក្រនៅក្នុងខេត្តមណ្ឌលគិរី មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការបណ្តុះបណ្តាលបង្កើនសមត្ថភាពព្រះសង្ឃឱ្យទទួលបានចំណេះដឹងខ្ពង់ខ្ពស់។ លោក សង្កត់ធ្ងន់ថា៖ «ការលើកកម្ពស់វិស័យពុទ្ធិសិក្សា គឺជាការវិនិយោគលើចំណេះដឹង និងសីលធម៌ដ៏វិសេសវិសាល ដើម្បីកសាងធនធានព្រះសង្ឃឱ្យក្លាយជាបង្គោលគ្រឹះដ៏រឹងមាំក្នុងការទ្រទ្រង់ទាំងពុទ្ធិចក្រ និងអាណាចក្រ ឱ្យរីកចម្រើនប្រកបដោយចីរភាព»។
លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា ខេត្តមណ្ឌលគិរី មានវត្តអារាមសរុបចំនួន ៤០វត្ត (គណៈមហានិកាយ ២៩វត្ត និងគណៈធម្មយុត្តិកនិកាយ ១១វត្ត) មានព្រះសង្ឃសរុប ២៤៤អង្គ។ ចំពោះវិស័យពុទ្ធិសិក្សា ខេត្តមានសាលាចំនួន ០៣កន្លែង រួមមាន៖ សាលាកម្រងពុទ្ធិសិក្សា ០១កន្លែង, សាលាធម្មវិន័យ ០១កន្លែង និងសាលាពុទ្ធិបឋមសិក្សា ០១កន្លែង ដោយមានសមណសិស្សសរុបចំនួន ៨៧អង្គ/នាក់។ លោក បញ្ជាក់ថា មន្ទីរមិនត្រឹមតែបម្រើវិស័យព្រះពុទ្ធសាសនានោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើវិស័យពាហិរសាសនា ដើម្បីបង្កើតសុខដុមនីយកម្មសាសនា និងធានាសិទ្ធិសេរីភាពខាងជំនឿជូនប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ៕








Post a Comment