ការដោះដូរពាណិជ្ជកម្មកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៣ពាន់លានដុល្លារ កើនឡើង២០% ក្នុងរយៈ៤ខែដំបូងឆ្នាំនេះ
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា រយៈពេល៤ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៣ពាន់លានដុល្លារ កើនឡើង១៩.៩% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលមានទំហំប្រមាណជាង ១៩ពាន់លានដុល្លារ។
របាយការណ៍បានបញ្ជាក់ថា
រយៈពេល៤ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃជាង ១១ពាន់លានដុល្លារ
កើនឡើង២១.៧%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ជាង១២ពាន់លានដុល្លារ កើនឡើង ១៨.៣%
បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៥។
ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា
ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៧ ១៧២ លានដុល្លារ ក្នុងនោះ
កម្ពុជានាំចេញទៅចិនជាង ៥៨៣លានដុល្លារ ស្របពេលដែលចិន នាំចូលមកកម្ពុជាវិញមានតម្លៃជាង
៦ ៥៨៩លានដុល្លារ។
ចំណែកសហរដ្ឋអាមេរិក
ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជាង ៤ ៦៦០លានដុល្លារ
កើនឡើង៤១.៣% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ៤ ៤៧៧លានដុល្លារ
និងអាមេរិកនាំមកកម្ពុជាវិញ ក្នុងតម្លៃជាង១៨២លានដុល្លារ។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជាដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា
បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ
ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕


Post a Comment