យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី១ ទទួលបានអ្នកតាមដាន និងចូលមើលជាង ៨,៤ លាននាក់ និងសារអប់រំតាមសារចល័តចំនួន ២៣ លានអង្គ/នាក់នៅទូទាំងប្រទេស
ភ្នំពេញ៖ បើតាមរបាយការរបស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបង្ហាញថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី១ ក្រសួងបានធ្វើការផ្សព្វផ្សាយតាមរយ:ការរៀបចំព្រឹត្តិការណ៍ តាមទីប្រជុំជនចំនួន ៥០០លើក, ការផ្សព្វផ្សាយតាមរយៈផ្ទាំងប៉ាណូដែលបញ្ចូលនូវមាតិកាអប់រំគ្រប់ទម្រង់ តាមប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថលចំនួន ៤៣០០០ មាតិកា ក្នុងនោះខ្លឹមសារការលើកកម្ពស់អក្ខរកម្មព័ត៌មានជិត ៤០០ កម្រងមាតិកា សរុបមានការតាមដាន និងចូលមើលជាង ៨,៤ លានដង ហើយសារអប់រំក៏ត្រូវបានបញ្ជូនតាមរយៈសារចល័ត SMS ទៅដល់ដៃអ្នកប្រើប្រាស់ទូរស័ព្ទចំនួន ២៣ លានអង្គ/នាក់នៅទូទាំងប្រទេស។
លោក ទេព អស្នារិទ្ធ បានបន្តថា សម្រាប់ការអនុវត្តនូវយុទ្ធនាការខាងលើនេះក្រសួងព័ត៌មានបានសហការជាមួយរដ្ឋបាលរាជធានី ខេត្តទាំង២៥ រួមនឹងវិស័យឯកជនដែលមានលេខាធិការដ្ឋាន និងមន្ទីរ ព័ត៌មាន ដែលជាសេនាធិការគឺជាអ្នកសម្របសម្រួលការរៀបចំសកម្មភាពនៅលើទីវាល និងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយសហការយ៉ាងជិតស្និទ្ធ និងមានការចូលរួមពីតំណាងរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរ និងតួអង្គពាក់ព័ន្ធ រួមមាន អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម សិស្ស និស្សិត អាជីវករ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមនឹងពលរដ្ឋទូទៅផងដែរ។
លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនៅក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» បានរួមចំណែកយ៉ាងសំខាន់ ដែលធ្វើឱ្យបណ្តាប្រទេសក្នុងតំបន់ទទួលស្គាល់ថា កម្ពុជាគឺជាប្រទេសគំរូមួយសម្រាប់ការរៀបចំការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃ និងព័ត៌មានដែលបង្កើតឡើងដោយគោលបំណងទុចរិតដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ហើយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះបានក្លាយជានិមិត្តរូបនៃការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើបណ្តាញសង្គមសកម្មសម្រាប់ការការទទួលព័ត៌មាននៅទូទាំងប្រទេស។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា នៅឆ្នាំនេះ (២០២៦) យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បានចាប់ផ្តើមដំណាក់កាលទី២ ដោយផ្តោតទៅលើប្រធានបទសំខាន់គឺ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងគោលដៅពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន ដោយធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ ពិសេសទិសដៅសំខាន់ទៅលើយុវវ័យ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការផ្តល់អក្ខរកម្មផ្នែកព័ត៌មាន ហើយនិងប្រព័ន្ធផ្សព្វផ្សាយទៅដល់យុវវ័យ ដើម្បីឱ្យពួកគេប្រើប្រាស់ទូរស័ព្ទ និងបច្ចេកវិទ្យាព័ត៌មានឱ្យត្រឹមត្រូវ មានប្រយោជន៍សម្រាប់ពួកគាត់ផ្ទាល់ ដូច្នេះបើសិនជាមិនបានផ្តល់ចំណេះដឹងនេះ ការប្រើប្រាស់នូវបច្ចេកវិទ្យារបស់ពួកគេ និងឃ្លាតឆ្ងាយពីការបម្រើឱ្យការសិក្សា និងចេញឆ្ងាយពីការពង្រឹងចំណេះដឹង។
ដូច្នេះហើយទើបយើងមានភាពចបាច់ទាំងស្ថាប័នរដ្ធ ប្រព័ន្ធផ្សព្វផ្សាយឯកជន សមាគម ក៏ដូចជាអ្នកផលិតមាតិកា ត្រូវផ្តោតសំខាន់មួយផ្នែកនៃការផលិតមាតិកានៃការផ្សព្វផ្សាយព័ត៌មាន គឺតម្រង់ទិសទៅយុវវ័យ ហើយពង្រឹងទៅលើអក្ខរកម្ម ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីឱ្យពួកគេមានភាពធន់សម្រាប់ពួកគេ ក្នុងការបង្ការ ទប់ស្កាត់ និងលប់បំបាត់នូវព័ត៌មានក្លែងក្លាយ ដែលមាននៅក្នុងបណ្តាញសង្គម៕


Post a Comment