សហរដ្ឋអាមេរិក បើកការវាយប្រហារថ្មីមួយទៀតលើអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ យោធាអាមេរិក បានវាយប្រហារជាថ្មីលើអ៊ីរ៉ង់សំដៅទៅទីតាំងរបស់យោធា ដោយមន្ត្រីអាមេរិកម្នាក់បាននិយាយថា វាត្រូវបានធ្វើឡើងប៉ុន្មានម៉ោងក្រោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ច្រានចោលរបាយការណ៍អំពីកិច្ចព្រមព្រៀងចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ជុំវិញការស្តារចរាចរណ៍ពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz

មន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះរូបនោះ បានប្រាប់ Reuters ថាយោធាអាមេរិកក៏បានស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូនអ៊ីរ៉ង់ជាច្រើនគ្រឿង ដែលបង្កការគំរាមកំហែងផងដែរ។ ការអត្ថាធិប្បាយនេះ បានធ្វើឡើងតាមក្រោយសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដែលថាសំឡេងផ្ទុះ ៣លើក ត្រូវបានគេឮនៅភាគខាងកើតនៃទីក្រុងកំពង់ផែ Bandar Abbas ប្រទេសអ៊ីរ៉ង់ នៅវេលារំលងអធ្រាតឈានចូលថ្ងៃព្រហស្បតិ៍។

នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ត្រាំ បានច្រានចោលសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលថាខ្លួនបានទទួលសេចក្តីព្រាងមិនផ្លូវការមួយ នៃកិច្ចព្រមព្រៀងដើម្បីស្តារពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ឱ្យដូចមុនពេលមានសង្គ្រាម ដោយអ៊ីរ៉ង់ និងអូម៉ង់ គឺជាអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវទឹកនេះរួមគ្នា។ លោក ត្រាំ ថាគ្មានប្រទេសណាអាចគ្រប់គ្រងច្រកសមុទ្របានទេ វាគឺជាដែនទឹកអន្តរជាតិ៕



 

Powered by Blogger.