សហរដ្ឋអាមេរិក នឹងដកកងទ័ព ៥០០០នាក់ ពីអាល្លឺម៉ង់
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដកកងទ័ពអាមេរិក ៥០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ហើយការកាត់បន្ថយចំនួនកងទ័ពនេះអាចនឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេល១២ខែ។
ការប្រកាសពីការដកកងទ័ពខាងលើ
កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានគំរាមកាលពីដើមសប្ដាហ៍កន្លងទៅនេះថានឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកឈរជើង
នៅក្នុងប្រទេសអាល្លឺម៉ង់ ក្រោយទាស់សម្ដីគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich
Merz ជុំវិញសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៊ីរ៉ង់។
តាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell សហរដ្ឋអាមេរិករំពឹងថាការដកកងទ័ពអាមេរិកអាចនឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេល
៦ខែ ទៅ១២ខែ។
លោក Friedrich Merz បានក្លាយជាគោលដៅមួយនៃការខឹងសម្បារបស់លោក ត្រាំ
បន្ទាប់ពីមេដឹកនាំអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាអ៊ីរ៉ង់បានធ្វើឱ្យសហរដ្ឋអាមេរិកបាក់មុខ
នៅឯតុចរចា។ ជាការឆ្លើយតប លោក ត្រាំ កាលពីថ្ងៃអង្គារបាននិយាយថាលោក Merz ប្រហែលជាគិតថាវាមិនអីនោះទេដែលអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ
ហើយថាមេដឹកនាំអាល្លឺម៉ង់មិនបានដឹងពីអ្វី ដែលខ្លួនកំពុងនិយាយនោះទេ។ រហូតដល់ថ្ងៃពុធ
ទើបលោក ត្រាំ ជាថ្មីម្ដងទៀតបានគំរាមកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអាល្លឺម៉ង់។
សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ
ក៏បានបង្ហើបដែរថានឹងពិចារណាលើការកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងប្រទេសអ៊ីតាលី
និងអេស្ប៉ាញ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក មានកងទ័ព ១២
៦៦២នាក់កំពុងឈរជើងនៅអ៊ីតាលី ៣៨១៤នាក់នៅអេស្ប៉ាញ និង៣៦ ៤៣៦នាក់នៅអាល្លឺម៉ង់៕ (AFP)

Post a Comment