កុំធ្វើជាមន្ត្រីដែលមាន «ជំងឺតួឯក»
ថោង វណ្ណា
ភ្នំពេញ÷ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ «មន្ត្រីរាជការ» គឺជាសរសៃឈាមយ៉ាងសំខាន់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយដែលរាំងស្ទះដល់ប្រសិទ្ធភាពការងារ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អង្គភាព គឺជាការរីករាលដាលនៃ «ជំងឺតួឯក» ក្នុងចំណោមមន្ត្រីមួយចំនួន។
✍️ តើអ្វីទៅជា «ជំងឺតួឯក» ក្នុងជួរមន្ត្រី?- «ជំងឺតួឯក» មិនមែនជាជំងឺផ្លូវកាយនោះទេ ប៉ុន្តែវាគឺជាជំងឺចិត្តសាស្ត្រ ដែលមន្ត្រីម្នាក់ៗយល់ថា មានតែខ្លួនម្នាក់គត់ដែលសំខាន់ ខ្លាំងពូកែ ឬមានអំណាចលើសអ្នកដទៃ។
✍️ រោគសញ្ញានៃជំងឺនេះរួមមាន៖
🔹កង្វះកិច្ចសហការ÷ គឺចូលចិត្តធ្វើការដាច់ដោយឡែក (Silo) មិនចង់ចែករំលែកព័ត៌មាន ឬចំណេះដឹង ព្រោះខ្លាចអ្នកដទៃពូកែជាងខ្លួន»។
🔹ការប្រើឥរិយាបថច្រងេងច្រងាង÷ គឺការបង្ហាញឫកពាជាម្ចាស់លើប្រជាពលរដ្ឋ ជាម្ចាស់សេវា ជាជាងការធ្វើជាអ្នកបម្រើដ៏ល្អ។
🔹អំនួតហួសហេតុ÷ គឺយល់ថា បើគ្មានវត្តមានខ្លួន ការងារមិនអាចដើរទៅមុខបាន ឬមើលស្រាលសមត្ថភាពសហការី។
🔹ការចង់បានមុខមាត់ម្នាក់ឯង÷ គឺនៅពេលការងារជោគជ័យ ចង់យកស្នាដៃតែម្នាក់ឯង ប៉ុន្តែនៅពេលមានកំហុស បែរជារកលេសទម្លាក់កំហុសទៅលើអ្នកដទៃ។
✍️ ផលប៉ះពាល់នៃ «ជំងឺតួឯក»
- មន្ត្រីដែលមាន «ជំងឺតួឯក» គឺជាមេរោគបំផ្លាញសាមគ្គីភាពផ្ទៃក្នុង ដែលតែងតែបង្កើតឱ្យមានបរិយាកាសការងារដែលពោរពេញដោយភាពច្រណែនឈ្នានីស និងការបែកបាក់ ថែមទាំងធ្វើឱ្យបាត់បង់ទំនុកចិត្តពីសំណាក់សាធារណជន ដែលនាំឱ្យរូបភាពជារួមនៃស្ថាប័នរដ្ឋត្រូវចុះខ្សោយ។
✍️ ដើម្បីកែលម្អខ្លួនឱ្យផុតពី «ជំងឺតួឯក»
- មន្ត្រីគ្រប់រូបត្រូវផ្លាស់ប្តូរពីការតម្កល់ខ្លួនឯង មកជាការតម្កល់ប្រយោជន៍រួម និងការងារក្រុមជាធំ ដែលទាមទារឱ្យមានការបន្ទាបខ្លួន ដើម្បីរៀនសូត្រពីអ្នកដទៃ បើកចិត្ទទួលយកមតិរិះ
គន់ដើម្បីស្ថាបនា និងហ៊ានទទួលខុសត្រូវរាល់កំហុសឆ្គងដោយមិនទម្លាក់ឱ្យអ្នកដទៃ។ កាលណាមានស្មារតីសហការ និងវិជ្ជាជីវៈខ្ពស់ វានឹងជួយរំលាយអត្មិនិយម ហើយបង្កើតបាននូវសេចក្ដីថ្លៃថ្នូរ និងជំនឿចិត្តពិតប្រាកដពីសាធារណជន។
✍️ សរុបសេចក្តីមក «មន្ត្រីរាជការ» គឺជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយ ឬក៏ជាម្ចាស់រាស្ត្រនោះទេ។ ការលះបង់ «ជំងឺតួឯក» ហើយជំនួសមកវិញនូវស្មារតីក្រុម និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាសោរគ្រាប់សម្រាប់បើកទ្វារទៅរកភាពជោគជ័យនៃកំណែទម្រង់រដ្ឋបាលសាធារណៈ។ ដូច្នេះចូរធ្វើខ្លួនជា «តួអង្គ» ដែលជួយឱ្យរឿងទាំងមូលមានន័យ ជាជាងធ្វើជា «តួឯក» ដែលចង់បានតែពន្លឺលើខ្លួនឯង៕
✍️ សរុបសេចក្តីមក «មន្ត្រីរាជការ» គឺជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយ ឬក៏ជាម្ចាស់រាស្ត្រនោះទេ។ ការលះបង់ «ជំងឺតួឯក» ហើយជំនួសមកវិញនូវស្មារតីក្រុម និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាសោរគ្រាប់សម្រាប់បើកទ្វារទៅរកភាពជោគជ័យនៃកំណែទម្រង់រដ្ឋបាលសាធារណៈ។ ដូច្នេះចូរធ្វើខ្លួនជា «តួអង្គ» ដែលជួយឱ្យរឿងទាំងមូលមានន័យ ជាជាងធ្វើជា «តួឯក» ដែលចង់បានតែពន្លឺលើខ្លួនឯង៕

Post a Comment