រុស្ស៉ី គំរាមការវាយប្រហារសងសឹកទ្រង់ទ្រាយធំ ប្រសិនបើអ៊ុយក្រែនរំខានដល់ការប្រារព្ធទិវាជ័យជម្នះ
មូស្គូ៖ រុស្ស៉ី កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានជំរុញឱ្យបណ្ដាស្ថានទូតបរទេស និងអង្គការអន្តរជាតិទាំងអស់ក្នុងរដ្ឋធានីកៀវ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការជម្លៀស ឱ្យបានទាន់ពេលវេលានូវបុគ្គលិកស្ថានទូត និងពលរដ្ឋរបស់ខ្លួន ក្នុងករណីមានការវាយប្រហារណាមួយរបស់រុស្ស៉ីលើរដ្ឋធានីរបស់អ៊ុយក្រែន។
នៅក្នុងសេចក្ដីជូនដំណឹងមួយទៅកាន់បណ្ដាស្ថានទូតបរទេស
រុស្ស៉ីបានព្រមានថាខ្លួនអាចបើកការវាយប្រហារសងសឹកទ្រង់ទ្រាយធំលើរដ្ឋធានីរបស់អ៊ុយក្រែន
ប្រសិនបើអ៊ុយក្រែនហ៊ានតែ បង្កការរំខានដល់ការប្រារព្ធទិវាជ័យជម្នះសង្រ្គាមលោកលើកទី២
ក្នុងទីក្រុងមូស្គូ នៅថ្ងៃទី៩ ខែឧសភា។
ការព្រមានបែបនេះរបស់ទីក្រុងមូស្គូធ្វើឡើងជាការឆ្លើយតបទៅនឹង
ការអត្ថាធិប្បាយមួយរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
លោកស្រី Maria Zakharova ជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ីបាននិយាយថា លោក ហ្សេលេនស្គី
បានធ្វើសេចក្ដីថ្លែងការណ៍យ៉ាងគឃ្លើន
និងគំរាមកំហែងអំពីការបង្កការរំខានដល់ការប្រារព្ធទិវាជ័យជម្នះអំឡុងការកត់សម្គាល់មួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ
នៅឯកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុបក្នុងប្រទេសអាមេនី។
នៅក្នុងការកត់សម្គាល់របស់លោកក្នុងប្រទេសអាមេនី
លោក
ហ្សេលេនស្គីបានលើកឡើងអំពីការប្រកាសរបស់រុស្ស៉ី ថាការរៀបចំប្រារព្ធទិវាជ័យជម្នះត្រូវបានកាត់បន្ថយទំហំនៃការរៀបចំពិធី
និងប្រព្រឹត្តទៅដោយមិនមានការសម្ញែងអាវុធឡើយ។ លោក
ហ្សេលេនស្គីបន្ថែមថាវានឹងក្លាយជាលើកដំបូងក្នុងពេលជាច្រើនឆ្នាំមកនេះដែលរុស្ស៉ីមិនអាចដាក់បង្អួតបរិក្ខារយោធា
និងភ័យខ្លាច ថាដ្រូនហោះពីលើទីលានក្រហម៕ (Reuters)

Post a Comment