ខេត្តកែប ត្រៀមបង្ហាញម៉ាកត្រីខ និងទឹកត្រីផលិតក្នុងស្រុក នៅលើទីផ្សារកម្ពុជា
អត្ថបទ៖ ទ្រី ហៀន
កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបង្ហាញក្តីរំពឹងថា នាពេលឆាប់ៗខាងមុខនេះ ខេត្តកែបនឹងមានម៉ាកត្រីខកំប៉ុង និងទឹកត្រីផលិតក្នុងស្រុក ដាក់ចរាចរលើទីផ្សារកម្ពុជា ខណៈគម្រោងរោងចក្រផលិតត្រីខ និងទឹកត្រីមួយ កំពុងដំណើរការសាងសង់នៅស្រុកដំណាក់ចង្អើរ ដើម្បីលើកស្ទួយផលិតផលខ្មែរ និងបង្កើនទីផ្សារឱ្យប្រជានេសាទក្នុងតំបន់ សម្រេចការសាងសង់បានរង្វង់៦០%។ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នាថ្ងៃទី១១ ខែឧសភា ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ការវិនិយោគលើរោងចក្រផលិតត្រីខ និងទឹកត្រីនេះ គឺជាជំហានសំខាន់មួយ ក្នុងការជំរុញផលិតផលកែច្នៃក្នុងស្រុក ឱ្យកាន់តែមានសក្តានុពល និងអាចប្រកួតប្រជែងលើទីផ្សារបាន។ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ស្របពេលប្រជាពលរដ្ឋខ្មែរ កាន់តែគាំទ្រផលិតផលដែលផលិតដោយកូនខ្មែរ និងប្រើវត្ថុធាតុដើមក្នុងស្រុក ផលិតផលត្រីខ និងទឹកត្រីរបស់ខេត្តកែប ក៏ត្រូវបានរំពឹងថា នឹងក្លាយជាជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ និងជួយកាត់បន្ថយការពឹងផ្អែកលើផលិតផលនាំចូលផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ និងពង្រីកសមត្ថភាពផលិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងបង្កើនតម្លៃផលិតផលជលផលក្នុងស្រុក។
លោក ហ៊ឹម ពិសិដ្ឋ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន សៃសាន់ អ៊ីនវេសម៉ិន ឯ.ក បានឱ្យដឹងថា ក្រុមហ៊ុនសម្រេចវិនិយោគលើគម្រោងនេះ ក្នុងគោលបំណងចូលរួមលើកកម្ពស់ផលិតផលខ្មែរ និងបង្កើតផលិតផលដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោកបន្តថា ការស្ថាបនាសាងសងសម្រេចបានជាង៦០% ហើយបន្ទាប់ពីដំណើរការផលិត រោងចក្រនេះនឹងមានតម្រូវការត្រីទឹកសាប និងត្រីទឹកប្រៃជាច្រើនតោនក្នុងមួយថ្ងៃ ដូចជាត្រីកាម៉ុង ត្រីគួន និងត្រីកាកឺមជាដើម ដែលនឹងជួយបង្កើនទីផ្សារលក់ជូនប្រជានេសាទ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតរោងចក្រត្រីខកំប៉ុង និងទឹកត្រីនេះ កាលពីខែមករា ឆ្នាំ២០២៦ ក្រោមទុនវិនិយោគប្រមាណ ៧លានដុល្លារ ដែលត្រូវបានរំពឹងថា នឹងផ្តល់ឱកាសការងារជាង២០០កន្លែងដល់ប្រជាពលរដ្ឋក្នុងខេត្តកែប៕





Post a Comment