តើវិស័យសារព័ត៌មាន និងធុរកិច្ចកម្ពុជា គួរត្រៀមខ្លួនបែបណា ចំពោះការហក់ឡើងនៃបច្ចេកវិទ្យា AI?
អត្ថបទ៖ ថោង វណ្ណា
ភ្នំពេញ៖ នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាឌីជីថលកំពុងបោះជំហានយ៉ាងលឿន «បញ្ញាសិប្បនិម្មិត» ឬ AI បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាចំណុចរបត់ថ្មីមួយសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសហគ្រិន។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាសារព័ត៌មានដ៏ស៊ីជម្រៅមួយក្រោមប្រធានបទ៖ «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ ÷ តើយើងត្រូវដើរទៅមុខដោយរបៀបណា?»។
បច្ចុប្បន្នការប្រែប្រួលនៃប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមតែផ្ដល់នូវភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏បាននាំមកនូវបញ្ហាប្រឈមថ្មីៗជាច្រើនដល់ វិស័យសារព័ត៌មាន ដូចជា÷ ការរក្សានូវតម្លាភាព ភាពត្រឹមត្រូវ និងក្រមសីលធម៌ ចំពោះមុខព័ត៌មាន ដែលបង្កើតឡើងដោយ AI និងវិស័យធុរកិច្ច ការប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយមិនប៉ះពាល់ដល់តម្លៃមនុស្សជាតិ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបើកផ្លូវឱ្យវាគ្មិនជំនាញ និងអ្នកសារព័ត៌មាន បានជួបជជែកពិភាក្សាគ្នាដោយផ្ទាល់អំពី ស្ថានភាពទូទៅនៃវិស័យសារព័ត៌មានក្នុងយុគសម័យឌីជីថល, តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន និងធុរកិច្ចជន ក្នុងការសម្របខ្លួនជាមួយបច្ចេកវិទ្យា, ការកំណត់ព្រំដែននៃការប្រើប្រាស់ AI ឱ្យមានប្រយោជន៍ដល់សង្គម ជាជាងការបង្កផលវិបាក។
កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ក្រោមវត្តមានរបស់វាគ្មិនកិត្តិយសរួមមាន៖
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក)។
«បច្ចេកវិទ្យា គឺជាឧបករណ៍ ប៉ុន្តែមនុស្សជាអ្នកកំណត់ជោគវាសនា និងក្រមសីលធម៌» នេះជាសារដាស់តឿនមួយដ៏សំខាន់សម្រាប់អ្នកព័ត៌មានគ្រប់រូប ក្នុងការប្រើប្រាស់ AI ដោយការទទួលខុសត្រូវខ្ពស់»៕









Post a Comment