ពូទីន ប្រកាសពីបទឈប់បាញ់ Orthodox Easter ជាមួយអ៊ុយក្រែន
វ៉ាស៊ីនតោន៖ វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីបទឈប់បាញ់មួយ ជាមួយអ៊ុយក្រែន សម្រាប់អំឡុងពិធីបុណ្យ Orthodox Easter បន្ទាប់ពីទីក្រុងកៀវក៏បានស្នើឱ្យមានបទឈប់បាញ់មួយផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ
ហ្សេលេនស្គី បានឱ្យដឹងក្នុងសប្ដាហ៍នេះថាលោកបានបញ្ជូនសំណើបទឈប់បាញ់អំឡុងពិធីបុណ្យ Orthodox
Easter ទៅឱ្យរុស្ស៉ី តាមរយៈសហរដ្ឋអាមេរិក
ខណៈកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាមចាយពេល៤ឆ្នាំមកនេះកំពុងជាប់គាំងដោយសារតែលោក
ដូណាល់ ត្រាំ កំពុងផ្តោតលើសង្រ្គាមជាមួយអ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា។
ក្នុងសេចក្ដីថ្លែងការណ៍មួយ
វិមានក្រឹមឡាំងបានគូសបញ្ជាក់ដូច្នេះថា «បទឈប់បាញ់នឹងត្រូវបានចាប់ពីម៉ោង
១៦៖០០នាទី នៅថ្ងៃទី១១ ខែមេសា រហូតដល់ពាក់កណ្ដាលយប់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦
ដោយលោក ពូទីន សម្រាប់អំឡុងពិធីបុណ្យ Orthodox Easter»។
សេចក្ដីថ្លែងការណ៍នេះដដែលបានឱ្យដឹងទៀតថា
នាយសេនាធិការយោធារុស្ស៉ីត្រូវបានណែនាំឱ្យបញ្ឈប់រាល់ប្រតិបត្តិការប្រយុទ្ធនៅគ្រប់ទិសដៅទាំងអស់អំឡុងបទឈប់បាញ់នេះ
តែកងទ័ពរុស្ស៉ីបានត្រៀមខ្លួនជានិច្ចដើម្បី វាយបកទៅនឹងសកម្មភាពបង្ករឿងពីសត្រូវ។
សូមជម្រាបថា
កិច្ចចរចាជាច្រើនជុំកន្លងមកនេះដឹកនាំដោយសហរដ្ឋអាមេរិកបានបរាជ័យដោយមិនអាចជំរុញឱ្យរុស្ស៉ី
និងអ៊ុយក្រែនខិតជិតទៅរកកិច្ចព្រមព្រៀងមួយនោះទេ
ហើយឥលូវកិច្ចចរចាថែមទាំងបានជាប់គាំទៀតផង ដ្បិតលោក ត្រាំ
កំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់៕ (AFP)

Post a Comment